(វីដេអូ) ចូលរួមជាចំណែកទាំងអស់គ្នានៃកម្មវិធី «Run With Sai ៤ សែន ជំហាន» ដើម្បីស្នាមញញឹមកុមារមានជំងឺមហារីកនៅកម្ពុជា
ក្រោយពីបានបញ្ចប់បេសកកម្មដ៏ធំ ២ នៃការរៃអង្គាសថវិកាតាមរយៈកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ</strong» និង កម្មវិធី «រត់ជាមួយសាយ Virtual Run 2021» ដើម្បីជួយដល់មន្ទីរពេទ្យ និង កុមារកម្ពុជាហើយនោះ ក្នុងឆ្នាំ ២០២២ នេះ លោក សាយ ក៏ទើបតែបើកសម្ពោធជាផ្លូវការនៃកម្មវិធីសប្បុរសធម៌ថ្មីមួយទៀតមានឈ្មោះថា «Run with Sai ៤ សែនជំហាន» ដែលនឹងចាប់ផ្តើមរត់ចាប់ពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ រយៈពេល ៩ ថ្ងៃ ពីទីក្រុងភ្នំពេញទៅកាន់ខេត្តសៀមរាប ក្នុងរយៈចម្ងាយ ៣០៣ គីឡូម៉ែត្រ។
កម្មវិធី «Run with Sai ៤ សែនជំហាន» ដែលជាបេសកកម្មចុងក្រោយរបស់ លោក សាយ នេះ រៀបចំឡើងក្នុងគោលដៅនៃការប្រមូលថវិកា ៤០ ម៉ឺនដុល្លារ ជួយដល់យុទ្ធនាការសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប។
ជាការពិត ជំងឺមហារីក គឺមិនត្រឹមតែកើតមានឡើងតែមនុស្សចាស់នោះទេ តែកុមារក៏មានហានិភ័យខ្លាំងណាស់ដែរ ដែលប្រឈមនឹងជំងឺដ៏កាចសាហាវនេះ ដោយក្នុងចំណោមកុមារមានជំងឺមហារីក ៥ នាក់ គឺមានតែម្នាក់ប៉ុណ្ណោះ ដែលអាចរួចផុតពីជំងឺដ៏កាចសាហាវទាំងនេះ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ។
តួយ៉ាង គោលដៅជួយដល់យុទ្ធនាការសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវិធី «Run with Sai ៤ សែនជំហាន» នេះដែរ គឺមានគោលបំណងចង់ឃើញស្នាមញញឹមរបស់កុមារ ដែលកំពុងមានជំងឺមហារីក ដែលកំពុងសម្រាកព្យាបាលដោយមន្ទីរពេទ្យកុមារដោយឥតគិតថ្លៃ។
បើទោះជាកម្មវិធី «Run with Sai ៤ សែនជំហាន» មិនទាន់ដល់ថ្ងៃចាប់ផ្តើមរត់ក៏ពិតមែន លោក សាយ ក៏ដូចជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកុមារអង្គរកម្ពុជា ក៏សុំអំពាវនាវដល់មហាជនចូលរួមរត់ និង បរិច្ចាកទៅកាន់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសង្គ្រោះជីវិតកុមារមានជំងឺមហារីក ដោយលោកអ្នកអាចចាប់ផ្តើមបរិច្ចាកឥលូវនេះតាមរយៈគណនីខាងក្រោម៖
គណនីមន្ទីរពេទ្យកុមារអង្គរ
ABA : 000 320 555
WING : 9122(រៀល) និង 8122($)