មិនចប់ទេ! រឿង អ្នកចាត់ការទូទៅ TVB ថើបតារាម៉ូដែលអាយុស្មើចៅនោះ ឥលូវខាងស្រីបង្ហោះសារតបអ្នករិះគន់ផាំងៗ
តារាម៉ូដែលរូបស្រស់សញ្ជាតិម៉ាឡេស៊ី ដែលកំពុងក្លាយជាប្រធានបទក្ដៅគគុក ជុំវិញការផ្ទុះប្រតិកម្មលើវីដេអូដែលតារាហុងកុង Eric Tsang ឱនថើបនាងក្នុងថ្ងៃខួបកំណើតនោះ ឥលូវនេះបានចេញមុខឆ្លើយតបលើរឿងមួយនេះហើយ។
គួររំឭកឡើងវិញដែរថា កាលពីសប្ដាហ៍កន្លងទៅ ម៉ូដែលស្រី Le Bala ដែលគេនិយមហៅនាងថា Lebara នោះ បានធ្វើការបង្ហោះវីដេអូជប់លៀងក្នុងថ្ងៃខួបកំណើតរបស់នាងលើបណ្ដាញសង្គម Instagram។ ក្នុងវីដេអូនោះដែរ បង្ហាញឱ្យឃើញពីវត្តមានរបស់តារាសម្ដែងហុងកុង អាយុ ៦៩ ឆ្នាំ និង ជាអ្នកចាត់ការទូទៅរបស់ទូរទស្សន៍ TVB លោក Eric Tsang ចូលរួមផងដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនជាច្រើនប្រតិកម្មវែកញែកពាសពេញបណ្ដាញសង្គមនោះគឺ នៅពេលដែល Eric Tsang ឈរផ្លុំទៀន និង ឱនមាត់ថើបថ្ពាល់របស់ម៉ូដែលវ័យក្មេងរូបនោះ។
ដោយឡែក ក្រោយផ្ទុះហាក់ផ្ទុះប្រតិកម្មខ្លាំងលើបណ្ដាញសង្គម តារាប្រុស Eric ក៏បានចេញមុខមកបញ្ជាក់ផងដែរថា លោកគឺមិនដែលស្គាល់ Lebara នោះឡើយ ហើយការថើបនោះ គឺគ្រាន់តែជាការគួរសមរបស់លោកតែប៉ុណ្ណោះ។ ទោះជាយ៉ាងណា មហាជនមួយចំនួន ក៏នៅតែបង្ហាញមតិមិនពេញចិត្តដដែល ដោយខ្លះសង្ស័យថា ពួកគេជាគូស្នេហ៍នឹងគ្នា ខណៈខ្លះទៀតលើកឡើងថា Eric គឺបង្ហាញទង្វើមិនសមរម្យកេងចំណេញលើតារាម៉ូដែលដែលមានវ័យទើបតែ ២៦ ឆ្នាំរូបនោះ។
ខណៈរឿងរ៉ាវហាក់កាន់តែក្ដៅគគុក ស្រាប់តែនៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ តារាម៉ូដែល Lebara ក៏បានធ្វើការបង្ហោះលើ Instagram របស់នាង ដោយធ្វើការឆ្លើយតបចំពោះមតិប្រតិកម្មជុំវិញវីដេអូរបស់នាង និង Eric Tsang។
ជាមួយនឹងការបង្ហោះរូបខ្លួនឯងពីរសន្លឹក តារាម៉ូដែលរូបស្រស់រូបនេះបានអមដោយពាក្យពេចន៍មួយចំនួនថា ៖ «ការស្វាគមន៍កាដូខួបកំណើតដ៏តូចមួយ បានបង្កទៅជារឿងធំដំបែបនេះ ពិតជាខកចិត្តណាស់។ បំណងប្រាថ្នាថ្ងៃខួបកំណើតរបស់ខ្ញុំឆ្នាំនេះ គឺចង់ឱ្យពិភពលោកមានសន្តិភាព ប៉ុន្តែស្ថានការណ៍ ហាក់ចេញមកផ្ទុយគ្នាទៅវិញ។ ខ្ញុំសង្ស័យតែខ្ញុំប៉ងប្រាថ្នាខុសនោះទេ»។ នាងថែមទាំងបន្ថែមទៀតថា នឹងនឹងមិនឱ្យសំឡេង ឬ មតិរបស់អ្នកដទៃប៉ះពាល់ដល់រូបនាងនោះឡើយ៕