ម៉ា ច័ន្ទបញ្ញា បង្ហោះសារជូនពរថ្ងៃភ្ជាប់ពាក្យ ស្រីនា ភ្ជាប់រឿងអតីតខ្លួន ធ្វើឱ្យមហាជនផ្ទុះការវែកញែកព្រាត
ដូចដែលអ្នកគាំទ្របានដឹងមកហើយ នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង អបអរសាទរក្នុងពិធីភ្ជាប់ពាក្យរបស់ YouTuber ប្រុសស្រីល្បីឈ្មោះ ហេង វិសាល និង ជា ស្រីនា។ ឃើញថានៅក្នុងបណ្តាញសង្គម មានការផ្ញើសារជូនពរ និងសម្ដែងក្តីត្រេកអរជាខ្លាំងដល់អ្នកទាំងពីរ ដែលជាគូសម្ដែងដ៏សក្តិសមនឹងគ្នា ទទួលបានការគាំទ្រយ៉ាងខ្លាំងនាពេលកន្លងមក។
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសដ៏ពិសេសរបស់ YouTuber ទាំងពីរ ក៏បានឃើញតារាចម្រៀងប្រុស ម៉ា ច័ន្ទបញ្ញា បានបង្ហោះសារជូនពរដល់អ្នកទាំងពីរនៅបណ្តាញសង្គមផ្ទាល់របស់លោក ដោយក្នុងនោះក៏មានភ្ជាប់រឿងអតីតខ្លួន ធ្វើឱ្យមហាជនផ្ទុះការវែកញែកយ៉ាងច្រើនតាមរយៈការបញ្ចេញមតិ។
ក្នុងសារនោះ តារាប្រុសរូបនេះបានសរសេរថា៖ «ទាន់គេអបអរ ទាន់គេសារទរ ប្អូនត្រូវធ្វើវាឱ្យបាន កុំឱ្យដូចបង។ ទីបំផុតសល់ត្រឹមតែបទពិសោធន៍ជីវិតពីការខកចិត្តសល់ត្រឹមរូបថតសម្រាប់គេធ្វើអាជីវកម្ម រឿងអតីតជាសុបិនអាក្រក់ ហើយកិត្តិយសក៏បាត់បង់ មនុស្សផងទាំងពួង ក៏ប្រែប្រួលការយល់ឃើញទៅតាមនោះ។
ពីមនុស្សដែលគេចង់បានគម្រូតាម មកជាមនុស្សដែលគេមើលរំលងជាមនុស្សប្រុស ដែលរក្សាការស្រឡាញ់រង់ចាំអាពាហ៌ពិពាហ៌ត្រឹមត្រូវម្នាក់។ មកជាមនុស្សប្រុស ដែលត្រូវគេចោទប្រកាន់ថាជាមនុស្សប្រុសមិនល្អ ទម្រាំអាចដើរទៅមួយជំហានទៀតបាន។ ជូនពរប្អូនទាំងពីរឱ្យស្រឡាញ់គ្នារហូតទៅ! ស្រឡាញ់គ្នាពិតប្រាកដទទួលស្គាល់ពីគ្រួសារសងខាង»៕