កូនប្រុសស្រីរបស់ Lydia នៅតូចសោះ ចេះបីថ្នាក់ថ្នមប្អូនដែលទើបនឹងកើត គួរឱ្យស្រឡាញ់ណាស់
ក្រោយពីរង់ចាំអស់រយៈពេលជាយូរ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ គូស្នេហ៍ស្វាមីភរិយាតារា Matthew និង Lydia បានស្វាមគមន៍កំណើតកូនប្រុសពៅរបស់ខ្លួនហើយ។
ក្នុងនោះ ឪពុកម្តាយទាំងពីរទើបតែបានទម្លាយមុខមាត់ដ៏គួរឱ្យស្រឡាញ់របស់កូនពៅរបស់ខ្លួនកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ នេះប៉ុណ្ណោះ និង បានទម្លាយឱ្យដឹងទៀតថា កំលោះតូចរូបនេះ គឺមានឈ្មោះថា Deon ។
ការចាប់កំណើតឃើញពិភពលោករបស់ Deon បានធ្វើឱ្យគ្រួសាររបស់ឪពុកម្តាយទាំងសងខាង សប្បាយចិត្តមិនស្ទើរឡើយ។ ចំណែកមហាជនអ្នកគាំទ្រវិញ ក៏មិនចាញ់គ្នាប៉ុន្មាននោះដែរ ជាពិសេសក្រោយពីឃើញមុខមាត់ដ៏គួរឱ្យស្រឡាញ់របស់គេទៀត ម្នាក់ៗពិតជាអត់ក្នាញ់មិនបានឡើយ។
ដោយឡែក បើក្រឡេកមកមើលបងៗប្រុសស្រីទាំងពីរវិញ គឺ Dylan និង Dammy ក៏ហាក់រំជើបរំជួលសប្បាយចិត្តតែម្តង ខណៈបានឃើញមុខប្អូនប្រុសលើកដំបូងបែបនេះ។
ទាំងគូបានឱបបីប្អូនយ៉ាងថ្នាក់ថ្នមដោយក្តីស្រឡាញ់ ថែមទាំងអង្អែលប៉ះយ៉ាងទន់ភ្លន់ អង្គុយសម្លឹងដោយកែវភ្នែកស្រទន់ ដែលពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយរំភើបចិត្តតែម្តង។ យ៉ាងណាមិញ ក្រៅពីនេះ មហាជនក៏សប្បាយចិត្តដែរ ដែលទាំងម្តាយ និងកូនមានសុវត្ថិភាព ហើយក៏សង្ឃឹមដែរថា កំលោះតូចរូបនេះ នឹងធំឡើងដោយសុខភាពល្អ ព្រមទាំងឆ្លាតវៃផងដែរ៕