មិននឹកស្មាន! Angela Baby សារភាពត្រង់ៗថានាងមានអារម្មណ៍ឯកា
ចាប់តាំងពីតារាសម្ដែងស្រី Angela Baby បានលែងលះគ្នាជាមួយនឹងស្វាមីមក ឃើញថាជីវិតការងារក្នុងអាជីពសិល្បៈរបស់នាងមានភាពមមាញឹកខ្លាំង។ ថ្មីៗនេះ នាងបានទទួលថតរឿងភាគទូរទស្សន៍ចំនួន ២ និង ចូលរួមក្នុងកម្មវិធីផ្សេងៗ។ កាលពីខែកញ្ញាកន្លងទៅ តារាស្រីរូបនេះបានចូលរួមក្នុងព្រឹត្តិការណ៍ម៉ាកល្បីៗជាច្រើន និង ថតផ្សាយឱ្យទស្សនាវដ្តីល្បីក្នុងប្រទេសថែមទៀតផង។
បើទោះជាការងារមមាញឹកក៏ដោយ Angela Baby សារភាពថានាងនៅតែមានអារម្មណ៍ឯកា។ នេះបើតាមការរៀបរាប់របស់នាង ក្នុងកម្មវិធីកម្សាន្ត «Heart Signal 5» ក្នុងនាមជាតារាកិត្តិយស Angela Baby បានចែករំលែកគំនិតរបស់នាងថា ៖ «សម្រាប់ខ្ញុំ ពិតជាមានភាពឯកាណាស់»។
ក្នុងនោះ Angela Baby បន្តទៀតថា ៖ «មានពេលមួយដែលមិត្តភក្តិរបស់ខ្ញុំ រំភើបចិត្តខ្លាំងដែលបានមកលេងខ្ញុំនៅកន្លែងធ្វើការ។ ពួកគេបានទិញអាហារឆ្ងាញ់ៗជាច្រើន ហើយខ្ញុំបានត្រឹមមើលពួកគេបានតែមួយភ្លែត»។
ថ្វីដ្បិតថា តារាស្រីរូបនេះមានអ្នកស្គាល់ច្រើនក៏ដោយ ប៉ុន្តែបើតាមការនិយាយពីអារម្មណ៍របស់នាង ដូចជាខ្វះការទំនាក់ទំនងជាមួយមិត្តភក្តិ។ ក្រៅពីទទួលស្គាល់ថាខ្លួនឯងមានភាពឯកា តារាស្រីរូបនេះក៏ត្រូវបានគេរកឃើញថានាងនៅតែយកចិត្តទុកដាក់ចំពោះអតីតស្វាមីរបស់នាង។ រហូតរឿងមួយនេះបានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គម Weibo៕