ពេជ្រ សោភា សំណូមពរមហាជនម្នាក់ ១ ដុល្លារ បោះឆ្នោតលើកទឹកចិត្ត ពេជ្រ វត្តីសារ៉ាវឌ្ឍី ដើម្បីកម្ពុជា
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 នឹងឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលជាពេលវេលាមួយក្នុងការប្រកាសរកឃើញបេក្ខភាពបវរកញ្ញាមួយរូបដែលមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ក្លាយជាបវរកញ្ញាគ្រងមកុដប្រចាំឆ្នាំ ២០២២។
ដោយឡែក មុនឈានដល់វគ្គប្រកាសរាជិនីគ្រងមកុដ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ នេះ កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ MGI 2022 នេះនឹងឈានដល់វគ្គបង្ហាញឈុតតំណាងជាតិ ដែលតម្រូវឱ្យបវរកញ្ញានីមួយៗគ្រងនូវឈុតតំណាងប្រទេសរបស់ខ្លួនដើម្បីដើរបង្ហាញនៅលើឆាកចំពោះមុខគណៈកម្មការផងដែរ។
ងាកមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 វិញ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រងឈុត «កាហ្វេសែនមនោរម្យភូមិភាគឥសាន» ឬ «គោព្រៃ» ដើរបង្ហាញទង់ជាតិកម្ពុជាឱ្យអន្តរជាតិបានឃើញ ដោយកញ្ញាបានសន្យានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រទេសជាតិទៀតផង។
ជាការពិត ដូចមហាជនបានជ្រាបមកហើយថា មុននឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ឈុតតំណាងជាតិ «កាហ្វេសែនមនោរម្យភូមិភាគឥសាន» ឬ ឈុត គោព្រៃ ហាក់ទទួលបានការមិនពេញចិត្តពីសំណាក់មហាជនកម្ពុជាក៏ពិតមែន តែយ៉ាងណាមកដល់វគ្គនេះ មហាជនក៏កំពុងត្រៀមលើកទឹកចិត្ត និង ចូលរួម Vote ដើម្បី MGC 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។
ជាក់ស្តែង ក្នុងនោះ ក៏មានអ្នកនាង ពេជ្រ សោភា មួយរូបដែរ ដែលកំពុងត្រៀមគាំទ្របវរកញ្ញាកម្ពុជាខាងលើ។ ជាងនេះទៅទៀត អ្នកនាង ពេជ្រ សោភា ក៏បានរៀបរាប់សំណេរមួយថា ៖ «សង្ឃឹមថាគ្រប់យ៉ាងនឹងល្អជាងនេះនៅឆ្នាំក្រោយចុះ! តែឆ្នាំនេះគឺមានតែយើងជួយគ្នាបន្តទៀតសិន ព្រោះគ្នាទៅប្រឡងត្រូវការកម្លាំងចិត្តពីបងប្អូនខ្មែរទៅ (តោះព្រោះយើងជាខ្មែរ! ពាក្យនេះ គឺបងប្អូនត្រូវចាំ និង ស្រឡាញ់) ស៊ូៗណាអូន ញញឹមបងដឹងចិត្តអូន តែអូនត្រូវចាំថាយើងរឹងមាំចេញពីខាងក្នុងចិត្តយើង។ ម្នាក់ ១ $ មួយប្រទេសខ្មែរមើល។ Cambodia let’s go»៕