Jimmy Lin មិនចង់វិលចូលក្នុងសិល្បៈវិញ ក្រោយជួបគ្រោះថ្នាក់ត្រូវវះកាត់កែមុខ
កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ តារាសម្ដែងប្រុសតៃវ៉ាន់ Jimmy Lin បានឆ្លើយប្រាប់អ្នកសារព័ត៌មានអំពីដំណើរហេតុក្នុងការសង្គ្រោះរបស់លោក បន្ទាប់ពីជួបឧបទ្ទវហេតុក្នុងខែកក្កដា។
ឧបទ្ទវហេតុកាលពីខែកក្កដាបានធ្វើឱ្យតារាប្រុសរូបនេះ រងរបួសខួរក្បាលស្រាល ប៉ុន្តែបានបាក់ឆ្អឹងមុខ ស្មា ត្រូវបានសន្លប់ដល់ទៅ ៣ ថ្ងៃទើបភ្ញាក់ដឹងខ្លួន។ ក្រោយមកលោកក៏បានទទួលការវះកាត់ឆ្អឹងចំនួន ២ កន្លែង និង ធ្វើការវះកាត់ឆ្អឹងមុខដែលបានប៉ះទង្គិចផងដែរ។ បច្ចុប្បន្នតារាប្រុសរូបនេះបាននិយាយថា ភាពមិនប្រក្រតីរបស់លោកពេលនេះ គឺជាដៃមិនទាន់អាចចាប់កាន់អ្វីបានឡើយ ដូចជាសិតសក់ខ្លួនឯង ជាដើម។
ទោះបីជាផុតគ្រោះថ្នាក់ក៏ដោយ Jimmy Lin បានបញ្ជាក់ថា លោកមិនមានគម្រោងវិលត្រឡប់ចូលក្នុងវិស័យកម្សាន្តនាពេលខាងមុខនោះទេ ដោយបាននិយាយបែបនេះថា ៖ «ខ្ញុំចង់ធ្វើដំណើរកម្សាន្ត ព្រោះខ្ញុំខានជិះយន្តហោះយូរមកហើយ»។
នេះចង់បង្ហាញថា តារាប្រុសរូបនេះចង់ចំណាយពេលវេលានៅជាមួយក្រុមគ្រួសារឱ្យបានច្រើន ហើយលោកបានសម្ដែងការអរគុណដល់ប្រពន្ធរបស់លោក ដែលបានប្រើមើលថែលោកគ្រប់ពេលមិនឃ្លាតឆ្ងាយឡើយ៕