បេក្ខភាព ៦ ប្រទេស ផ្ទុះប្រជាប្រិយភាពខ្លាំង អ្នកគាំទ្ររំពឹងអាចចូល Top កំពូល មានឱកាសដណ្ដើមមកុដ MGI 2022
ខណៈនេះកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ពិភពលោក Miss Grand International បាន និង កំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញក្នុងការស្វែងរកម្ចាស់មកុដថ្មីបន្ទាប់ពីបវរកញ្ញាវៀតណាមនាង Nguyen Thuc Thuy Tien បានគ្រងមកុដ MGI កាលពីឆ្នាំ ២០២១ កន្លងទៅ។
ពីមួយវគ្គទៅមួយវគ្គមហាជនបានសង្កេតឃើញថាមានបេក្ខភាពជាច្រើនដែលមានសមត្ថភាពខ្លាំងៗ ដែលស្ទើរតែធ្វើឱ្យគណៈកម្មការពិបាកក្នុងការដាក់ពិន្ទុ ព្រោះបេក្ខភាពតំណាងប្រទេសនីមួយៗសុទ្ធសឹងតែស្រស់ស្អាត និង មានសមត្ថភាពខ្លាំងៗដូចគ្នា តែយ៉ាងណាក្នុងចំណោមបេក្ខភាពទាំង ៦៩ ប្រទេស គេក៏មើលឃើញបេក្ខភាពចំនួន ៦ ប្រទេស មានសន្ទុះការគាំទ្រខ្លាំង និង សង្ឃឹមថាអាចចូល Top ខ្ពស់ និង មានឱកាសដណ្តើមជាម្ចាស់មកុដ MGI ២០២២ ។ ក្នុងនោះរួមមាន៖
១. បវរកញ្ញាប្រទេសថៃ
នាង Engfa Waraha មានអាយុ ២៦ ឆ្នាំ គឺជាបវរកញ្ញាថៃដំបូងគេហើយដែលមានអ្នកគាំទ្រ Follow បណ្ដាញសង្គមជាង ២ លាននាក់។ បវរកញ្ញារូបនេះមានរូបសម្រស់ស្អាត ហើយថែមទាំងមានទេពកោលស្យចេះច្រៀង និង រាំ ថែមទៀតផង។ ពីមួយវគ្គទៅមួយវគ្គ Engfa តែងធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលជានិច្ច រហូតការ Vote របស់នាងពីមួយវគ្គទៅមួយវគ្គស្ថិតក្នុង Top កំពូលជានិច្ច។
២. បវរកញ្ញាប្រទេសប្រេស៊ីល
Isabella Menin មានអាយុ ២៦ ឆ្នាំ មានកម្ពស់ ១៧៨ សង់ទីម៉ែត្រ ជាកូនកាត់ប្រេស៊ីល និង អ៊ីតាលី បានតំណាងឱ្យប្រទេសប្រេស៊ីលក្នុងការប្រកួត MGI ហើយនាងក៏ជាបវរកញ្ញាម្នាក់ដែលមហាជនចាប់អារម្មណ៍ខ្លាំងដូចគ្នា ព្រោះក្រៅពីមានរូបសម្រស់ស្រស់ស្អាតហើយ បើនិយាយពីការដើរ និង ចំណេះដឹង Isabella Menin ក៏មិនធម្មតាដែរ។ បវរកញ្ញារូបនេះ បានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគណនី និង ហិរញ្ញវត្ថុ ហើយអាចនិយាយបានចំនួន ៤ ភាសាថែមទៀតផង។
៣. បវរកញ្ញាប្រទេសកម្ពុជា
ចាប់តាំងតែទទួលតំណែងជាបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាតារាសម្តែង និង ម៉ូដែលខ្មែរដ៏ល្បី គឺទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជន លុះចូលកងប្រកួតទៀតបេក្ខភាពរូបនេះក៏រឹតតែផ្ទុះប្រជាប្រិយភាពកាន់តែខ្លាំង។ ជាមួយគ្នានោះ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ឆក់បានអ្នកគាំទ្រក្រៅប្រទេស ពិសេសប្រទេសថៃជាច្រើនថែមទៀតផង តាមរយៈរូបសម្រស់ស្រស់ស្អាត និង ប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ដោយប្រើភាសាថៃ បូកផ្សំនឹងភាពរួសរាយរបស់ផង នាងបានធ្វើឱ្យមហាជនមិនតិចនោះទេដែលស្រឡាញ់ពេញចិត្ត។
៤. បវរកញ្ញាប្រទេស ឆែករីផាប់លិក (Czech Republic)
នាង Mriana Beckova មានអាយុ ២៣ ឆ្នាំ កម្ពស់ ១៨០ សង់ទីម៉ែត្រ បញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកចិត្តវិទ្យា បច្ចុប្បន្នកំពុងធ្វើការជាអ្នននិពន្ធ គ្រូបង្រៀនយូហ្គា តារាបង្ហាញម៉ូដ និង Influencer។ រាល់មហាជនដែលបានឃើញសម្រស់បវរកញ្ញារូបនេះ សុទ្ធសឹងសរសើរមិនដាច់ពីមាត់ ជាពិសេសសមត្ថភាពរបស់នាងពីមួយវគ្គទៅមួយវគ្គធ្វើឱ្យមហាជន Wow គ្រប់គ្នា។
៥. បវរកញ្ញាប្រទេស ពើតូរីកូ (Puerto Rico)
សម្រាប់ Oxana Rivera បច្ចុប្បន្នមានអាយុ ២៧ ឆ្នាំ មានកម្ពស់ ១៧៥ សង់ទីម៉ែត្រ អាចនិយាយបាន ៣ ភាសា រួមមាន អង់គ្លេស រុស្សី និង អេស្ប៉ាញ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ និង ជាតារាបង្ហាញម៉ូដអាជីពនៅសហរដ្ឋអាមេរិថែមទៀតផង។ ជាមួយនឹងរូបសម្រស់ និង សមត្ថភាព នាងត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង។
៦. បវរកញ្ញាប្រទេស ឥណ្ឌូនេស៊ី
ងាកមកមើលម្ចាស់ផ្ទះឯណេះវិញក៏មិនធម្មតា សម្រាប់ឆ្នាំនេះ នាង Andina Julie បានក្លាជាម្ចាស់មកុដតំណាងឱ្យប្រទេសឥណ្ឌូនេស៊ី ដ្បិតមានអាយុត្រឹម ២០ ឆ្នាំ ហាក់ជាក្មេងខ្ចីជាបេក្ខភាពដទៃមែន តែបើនិយាយពីរូបសម្រស់ និង សមត្ថភាពវិញ Andina Julie ហាក់មិនឱ្យចាញ់ឡើយ រហូតនាងត្រូវបានគេសន្មតថានឹងឈានចូល Top កំពូលថែមទៀតផង៕