«Time To Rise» បទដំបូងរបស់តារាចម្រៀងរ៉េប វណ្ណដា មានអ្នកទស្សនា ១០០ លានដងហើយ
កាលពីពេលកន្លងទៅមហាជនអ្នកគាំទ្រផលិតកម្ម បារមី ជាពិសេសតារាចម្រៀងរ៉េប វណ្ណដា បានដឹងមកហើយថា បទចម្រៀង «Time to Rise» ដែលមានការបកស្រាយរួមគ្នារវាងតារារ៉េបវ័យក្មេងរូបនេះ និង ព្រឹទ្ធាចារ្យលោកតា គង់ ណៃ បានបំបែកឯតទគ្គកម្មដំបូងរបស់ស្រុកខ្មែរ មានអ្នកចូលទស្សនាត្រឹមរយៈពេល ២៤ ម៉ោង ដល់ទៅ ១ លានដង។ មិនត្រឹមតែប៉ុណ្ណោះ MV នៃបទចម្រៀងខាងលើនេះ ក៏បានជាប់ចំណាត់ថ្នាក់លេខ ១ «Best Videos of 2021» ដែលជ្រើសរើសដោយ LiFTED Asia ទៀតផង។
មកដល់ពេលនេះ MV នៃបទ «Time to Rise» ក៏នៅតែស្ថិតជាប់ក្នុងបេះដូងមហាជនក្មេងចាស់ប្រុសស្រី ទាំងជាតិ និង អន្តរជាតិនូវនូវស្នាដៃរួមបញ្ជូលគ្នារវាងតន្ត្រីសម័យ និង បុរាណ ដោយមានទាំងចាប៉ីដងវែង។
យ៉ាងណាមិញ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២២ អ្នកគាំទ្រតារាចម្រៀងរ៉េប វណ្ណដា ហាក់មានក្តីរំភើបយ៉ាងខ្លាំង ព្រោះ MV «Time to Rise» របស់ វណ្ណដា និង ព្រឹទ្ធាចារ្យលោកតា គង់ ណៃ មានអ្នកទស្សនាដល់ទៅ ១០០ លានដងហើយ ដែលនេះគឺជាចំនួនច្រើនលើសលុបបំផុត។
គួរជម្រាបថា វណ្ណដា គឺជាតារាចម្រៀងរ៉េបកម្ពុជាដំបូងបង្អស់ ដែលមានអ្នកទស្សនា MV ដល់ទៅ ១០០ លានដង និង ជា MV របស់តារាចម្រៀងកម្ពុជាទី ៣ ដែលមានអ្នកទស្សនាច្រើនសន្ធឹកយ៉ាងនេះ ដោយបទទី ១ គឺបទ «អត់បញ្ហា» របស់លោក ខាវ និង បទទី ២ គឺបទ «Are You Okay» របស់ តន់ ចន្ទសីម៉ា៕