ថ្ងៃទី ៥ នៃកម្មវិធីសប្បុរសធម៌ សាយ ឆ្លៀតធ្វើរឿងគួរឱ្យសរសើរមួយ ដល់កុមារកំព្រាក្នុងខេត្តកំពង់ធំ
ដំណើរនៃកម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» ដែលបានចាប់ផ្តើមពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ កំពុងតែដំណើរការយ៉ាងរលូនហើយ ដោយក្នុងនោះ សាយ ស្ថាបនិកកម្មវិធីសប្បុរសធម៌ខាងលើ និង ក្រុមការងារកំពុងបន្តដំណើរយ៉ាងមោះមុតសំដៅទៅកាន់ខេត្តសៀមរាប។
មហាជនបានជ្រាបមកហើយថា ដំណើរនៃកម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» ដែលមានរយៈពេល ៩ ថ្ងៃ ក្នុងការរត់ចម្ងាយ ៣០៣ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ទៅខេត្តសៀមរាប មានគោលដៅស្វែងរកថវិកា ៤០ ម៉ឺន ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរដើម្បីទ្រទ្រង់ និង ព្យាបាលផ្នែកជំងឺមហារីក ហើយមកដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃទី ៦ ហើយ។
ដោយឡែក កាលពីថ្ងៃទី ៥ នៃដំណើររត់ក្នុងកម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ក្រុមការងាររបស់ សាយ ក៏បានឈប់សម្រាកនៅក្នុងទីរួមខេត្តកំពង់ធំ ១ ថ្ងៃ និង ឆ្លៀតពេលជួបសំណេះសំណាល ចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗ និង ក្មួយៗកុមារកំព្រាក្នុងបុរីកុមារ ផងដែរ។
ក្នុងការជួបសំណេះសំណាល ចែករំលែកបទពិសោធន៍ទៅកាន់ ប្អូនៗ និង ក្មួយកុមារកំព្រា នៅឯបុរីកុមារ ខេត្តកំពង់ធំ សាយ ក៏មានការដឹកនាំដោយរដ្ឋបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ លើសពីនោះ រដ្ឋបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាននាំមកនូវសំភារៈ និង អំណោយមួយចំនួនជូនដល់កុមារនៅទីនោះថែមទៀតផង។
តាមរយៈសំនេររបស់ស្ថាបនិកនៃកម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» សាយ បានរៀបរាប់ថា៖ «ថ្ងៃទី ៥ នៃកម្មវិធី រត់ជាមួយសាយ ៤សែនជំហាន ក្រុមការងារ រត់ជាមួយសាយ រួមជាមួយថ្នាក់ដឹកនាំខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរចុះទៅបុរីកុមារកំព្រា ខេត្តកំពង់ធំ ដើម្បីជួបសំណេះសំណាល និង ចែករំលែកបទពិសោធន៍ទៅកាន់ប្អូនៗ និង ក្មួយដែលជាកុមារកំព្រា និង លើកទឹកចិត្តដល់ពួកគេឱ្យមានក្តីសង្ឃឹម និងដុសខាត់កសាងសមត្ថភាព ក៏ដូចជាចូលរួមធ្វើសកម្មភាពសង្គមផងដែរ។ ជាពិសេសក្នុងនោះផងដែរ រដ្ឋបាលខេត្តកំពង់ធំ សមាជិកក្រុមប្រឹក្សាខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បាននាំមកនូវ សំភារៈ និងអំណោយមួយចំនួន ជូនដល់កុមារកំព្រា នៅក្នុង បុរីកុមារ ខេត្តកំពង់ធំផងដែរ។ ប្រធានបុរីកុមារខេត្តកំពង់ធំ ក៏បានបរិច្ចាក មកកាន់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប តាមរយៈក្រុមការងារ រត់ជាមួយសាយ ដើម្បីជួយគាំទ្រ ដល់បេសកកម្មរបស់មន្ទីរពេទ្យជួយដល់កុមារ ដែលកំពុងរងគ្រោះដោយសារជម្ងឺមហារីក។ ចូលរួមទាំងអស់គ្នា ដើម្បីស្នាមញញឹមកុមារកម្ពុជា។ ធ្វើការបរិច្ចាគមកឥលូវនេះតាមរយៈគណនីដូចតទៅ គណនីមន្ទីរពេទ្យកុមារអង្គរ (ABA : ANGKOR HOSPITAL FOR CHILDREN LIMITED : 000 320 555) (WING : 9122(រៀល) និង 8122($)) (ACLEDA: Angkor Hospital for children: 01 0001 05 69 6828)»៕