អ្នកគាំទ្រពេញចិត្តស្ដូក ក្រោយមើលឃើញ Nong យកចិត្តទុកដាក់លើ Four បែបនេះ
មួយរយៈក្រោយនេះ មហាជនហាក់ចាប់ភ្លឹកលើគូស្នេហ៍ចាប់គូ ឬហៅងាយៗថាគូស្នេហ៍ Shipping រវាងតារាប្រុស Nong និង Four មែនទែន ព្រោះតែអ្នកទាំងពីរសុទ្ធសឹងជាតារាប្រុសស្រីដែលទើបបែកបាក់ស្នេហាដូចគ្នា ហើយជាពិសេសគឺម្នាក់ៗមានរូបរាងស្រស់ស្អាត និងសង្ហា។
បើទោះបីជា Four ធ្លាប់បានចេញមុខបដិសេធថា៖ «នាងមិនទាន់ចង់បើកបេះដូងជាថ្មី ហើយគិតតារាប្រុស Nong ត្រឹមជាមិត្តក្ដី»។ តែទង្វើអ្នកទាំងពីរហាក់ធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍ ព្រោះតែគេតែងឃើញទៅណាមកណាជាមួយគ្នាជាញឹកញាប់ ជាពិសេសតារាប្រុស Nong ហាក់បង្ហាញពីការយកចិត្តទុកដាក់លើ Four ជានិច្ច ដោយសូម្បីតែថ្ងៃប្រគំតន្រ្តី Nong ក៏បានចេញមុខទៅជូនផ្កា លើកទឹកចិត្តដល់ Four ដល់ក្រោយឆាកផងដែរ។
បន្ថែមពីនេះ នៅថ្ងៃខួបកំណើត Four តារាប្រុស Nong បានបង្ហោះសារជូនពរថា៖ «រីករាយថ្ងៃកំណើតបង Four សូមឱ្យមានតែសេចក្ដីសុខ សុខភាពរឹងមាំ ចៀសផុតពីរោគភ័យនានា សុំឱ្យជួបតែរឿងល្អៗ ចៀសឆ្ងាយពីរឿងមិនល្អ»។ ហើយ Four ក៏តបវិញថា៖ «អរគុណចាស»។
ក្រោយឃើញអ្នកទាំងពីរបង្ហាញភាពស្និទ្ធស្នាលបែបនេះ ការចាប់គូរបស់អ្នកគាំទ្រហាក់តែមានសង្ឃឹមឡើង ដែលទង្វើនេះធ្វើឱ្យពួកគេកាន់តែពេញចិត្ត និងសង្ឃឹមថាអ្នកទាំងពីរអាចក្លាយជាគូស្នេហ៍ថ្ងៃណាមួយ ជាពិសេសអ្នកគាំទ្រ ចាប់ផ្ដើមបង្កើត Hastag ដោយប្រើឈ្មោះអ្នកទាំងពីរព្រោងព្រាតពេញបណ្ដាញសង្គមផងដែរ៕