អីយ៉ាស់! ផ្ទុះចចាមអារ៉ាម Song Joong Ki និងតារាស្រី Kim Tae Ri បណ្តើរគ្នាស្អិតល្មួតនៅប៉ារីស
កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានចចាមអារ៉ាមបានផ្ទុះឡើងថា តារាប្រុស Song Joong Ki និង តារាស្រី Kim Tae Ri ត្រូវបានគេឃើញបណ្តើរគ្នាយ៉ាងស្អិតល្មួតនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។
យ៉ាងណាមិញ ចចាមអារ៉ាមមួយនេះ បានផ្ទុះឡើងមកជាមួយនឹងរូបភាពមួយសន្លឹក ដែលបង្ហាញឱ្យឃើញមនុស្សប្រុសស្រីពីរនាក់ពីក្រោយខ្នង កំពុងតែកាន់ដៃគ្នាដើរនៅតាមដងផ្លូវ ដែលមើលទៅគឺដូចជាតារាសម្ដែង Song Joong Ki និង Kim Tae Ri ដូច្នោះឯង។
ដោយឡែក បើតាមការឱ្យដឹងទៀតថា មួយរយៈក្រោយមកនេះ តារាប្រុសស្រីទាំងគូនេះ មើលទៅហាក់ស្និទ្ធស្នាលគ្នាខ្លាំងជាងមុន ក្រោយពីបានរួមការងារជាមួយគ្នានៅក្នុងរឿងភាពយន្ត «Space Sweepers» កន្លងមក។
ក្នុងនោះ ខណៈចូលរួមកម្មវិធីសន្នីសីទការសែត តារាសម្ដែង Song Joong Ki បានទម្លាយឱ្យដឹងដែរថា លោកពិតជានឹក Tae Ri ណាស់ ចង់ឱ្យនាងមានវត្តមាននៅទីនេះដែរ។ ចំណែក Tae Ri ក៏ធ្លាប់បានទម្លាយនៅក្នុងកម្មវិធីសម្ភាសមួយផងដែរថា Joong Ki តែងតែធ្វើឱ្យបរិយាកាសនៅកន្លែងថតសប្បាយរីករាយជានិច្ច លោកតែងធ្វើឱ្យអ្នកនៅទីនោះមានអារម្មណ៍ល្អមិនបាត់នោះទេ។
យ៉ាងណាមិញ បើក្រឡេកមកមើលរឿងបេះដូង Song Joong Ki បានលែងលះជាមួយនឹងអតីតភរិយាតារាស្រី Song Hye Kyo កាលឆ្នាំ ២០១៩ កន្លងទៅនេះ ហើយគេមិនទាន់ឃើញលោកមាននារីណាម្នាក់មកស្អំបេះដូងនៅឡើយទេ៕