តារា KPOP ច្រើនរូប សម្រេចពន្យាពេលចេញផ្សាយចម្រៀងថ្មី បន្ទាប់ពីមានសោកនាដកម្មនៅ Itaewon
កាលពីរាត្រីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ មានហេតុកាណ៍ដ៏គួរតក់ស្លុតមួយ បានកើតឡើងនៅក្នុងតំបន់កម្សាន្ត Itaewon ប្រទេសកូរ៉េខាងត្បូង ដែលមានមនុស្សម្នាជាច្រើនប្រមាណជាង ១០ មុឺននាក់ បានប្រជ្រៀតគ្នាណែនតាន់តាប់ក្នុងឱកាសបុណ្យ Hallowen រហូតបណ្តាលឱ្យមានការកកស្ទះស្អិតជាប់គ្នាបេះមិនចេញ ធ្វើឱ្យថប់ដង្ហើមបាត់បង់ជីវិតរហូតដល់ ១៥១ នាក់ និង របួស ៨៣ នាក់ឯណោះ។
គួរឱ្យដឹងផងដែរថា ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Yoon Seokyeol បានប្រកាសរយៈពេលនៃការកាន់ទុក្ខជាតិដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយកម្មវិធីនានា ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗនឹងត្រូវផ្អាក និង ត្រូវលុបចោលភ្លាមៗតែម្ដង។
យ៉ាងណាមិញ បន្ទាប់ពីសោកនាដកម្មដែលបានកើតឡើងនេះហើយ តារា KPOP ច្រើនរូបបានប្រកាសជាសាធារណៈថាពួកគេនឹងពន្យារពេលចេញផ្សាយបទចម្រៀងថ្មីរបស់ពួកគេទាំងអស់។ ដោយតារាទាំងនោះមានដូចជា លោក Chen សមាជិក EXO ក្រុមចម្រៀងនារី IRRIS ក្រុមចម្រៀងនារី ICHILLIN តារាស្រី Eunji របស់ក្រុមចម្រៀង A Pink ក្រុមចម្រៀងបុរស DRIPPIN ក្រុមចម្រៀងរ៉ក Xdinary Heroes តារាចម្រៀងលោក BI និង ក្រុមចម្រៀងបុរស YOUNITE ព្រមទាំងតារាជាច្រើនដួងទៀត៕