មហាជនបានជ្រាបមកហើយ កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» បានបញ្ចប់ទៅដោយជោគជ័យហើយ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយការរត់ចេញពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប រយៈពេល ៩ ថ្ងៃ ក្នុងចម្ងាយ ៣០៣ គីឡូម៉ែត្រ។
ក្នុងនោះដែរ ការរត់ និង ការលះបង់ដ៏ធំធេងរបស់តារាចម្រៀង Original Song លោក សាយ និង ជាស្ថាបនិកនៃកម្មវិធីខាងលើ ក៏ទទួលបានភាពជោគជ័យដោយមានការចូលរួមបរិច្ចាគថវិកាពីមហាជន សប្បុរសធម៌ជាច្រើនតាមរយៈគណនីធនាគាររបស់មន្ទីរពេទ្យកុមារអង្គរ និង តាមរយៈបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនៃដំណើរការរត់របស់ សាយ និង Sai Force ជាដើម។
ក្រោយពីការរត់មកដល់គោលដៅ នៃការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទ្រទ្រង់ និង ព្យាបាលដល់កុមារមានជំងឺមហារីក កម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» បានប្រមូលថវិកាជាបឋម គិតត្រឹមព្រឹកម៉ោង ៨ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ បានចំនួន ២៦៥ ៨៨៣ ៦៤០ រៀល ស្មើនឹង ៦៦ ៤៧០.៩១ ដុល្លារ។
យ៉ាងណា បើទោះជាកម្មវិធី «រត់ជាមួយសាយ ៤ សែន ជំហាន» បានបញ្ចប់ទៅហើយក៏ពិតមែន តែមហាជនក៏នៅអាចបន្តចូលរួមបរិច្ចាគថវិកាដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីស្នាមញញឹមកុមារកម្ពុជាតាមរយៈគណនីមន្ទីរពេទ្យកុមារអង្គរ «ABA : ANGKOR HOSPITAL FOR CHILDREN LIMITED : 000 320 555» «WING : 9122(រៀល) និង 8122($)» និង «ACLEDA: Angkor Hospital for children: 01 0001 05 69 6828»។
ការរត់ក្នុងរយៈចម្ងាយឆ្ងាយនេះ សាយ បានធ្វើឡើងជាលើកទី ២ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដោយកាលលើកទី ១ សាយ បានរត់រយៈពេល ៩៧ ឆ្លងកាត់ ២៣ ខេត្ត ក្រុង ក្នុងរយៈចម្ងាយ ២៤០៨ KM និង រៃអង្គាសថវិកា បានជិត ៥០ ម៉ឺនដុល្លារជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ»។ លើកទី ២ នេះ សាយ បានរត់ក្នុងកម្មវិធី «រត់ជាមួយសាយ ៤ សែនជំហាន» ដែលធ្វើដំណើរទៅកាន់ខេត្តសៀមរាបជួយដល់មន្ទីរពេទ្យកុមារអង្គរជាថ្មី ហើយកម្មវិធីរត់លើកនេះ ក៏ជាកម្មវិធីចុងក្រោយរបស់លោកដែរ ក៏ព្រោះតែក្រោយបញ្ចប់ការរត់ សាយ បានពិនិត្យសុខភាព និង ទទួលការណែនាំពីគ្រូពេទ្យឱ្យលោកឈប់រត់ឆ្ងាយលើសពី ១០ គីឡូ បើមិនចង់មានបញ្ហានៅពេលក្រោយ។
ជាចុងក្រោយ សាយ ក៏សង្ឃឹមថាតាមរយៈសកម្មភាពរបស់ សាយ និង Sai Force បានជំរុញទឹកចិត្តដល់យុវជនដទៃទៀត ដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា៕