សេដ្ឋីហាយសូរ Korn ទម្លាយមូលហេតុដែលសម្រេចចិត្តជ្រើសយក Sririta ជាភរិយា
បើនិយាយពីគូស្វាមីភរិយា Sririta និង Korn Narongdej មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថា ជាគូស្នេហ៍លំដាប់អភិជនដែល Korn ជាសេដ្ឋីមានទ្រព្យវាល់លានមានមុខជំនួញធំក្នុងដៃ ចំណែក Sririta ជាតារាស្រីដែលល្បីលំដាប់ជួរមុខប្រចាំប្រទេស។
ក្រោយដឹកដៃគ្នាចូលរោងការបានជាង ២ ឆ្នាំ Sririta និងស្វាមី ទទួលបានចំណងដៃគូជីវិតគឺកូនប្រុសម្នាក់ដែលមានឈ្មោះថា Asawin Jensen Narongdej ឬហៅក្រៅថាអូន Gavin ដែលបច្ចុប្បន្នមានអាយុជាង ១ ខួប ជាក្មេងប្រុសគួរឱ្យស្រឡាញ់ និងឆ្លាតមួយរូប។
យ៉ាងណាមិញរួមរស់ជាមួយគ្នាជាប្ដីប្រពន្ធបានជាង ២ ឆ្នាំ ហាយសូ Korn ទើបដាច់ចិត្តទម្លាយមូលហេតុឱ្យដឹងថា៖ «ក្រៅពីចិត្តស្រឡាញ់ចំពោះ Rita នៅមានហេតុផលជាច្រើនទៀតដែលខ្ញុំគិតថានាងគឺជាភរិយាដ៏ល្អរបស់ខ្ញុំ។ មួយក្នុងចំណោមហេតុផលទាំងនោះគឺ Rita ជាមនុស្សស្រីដែលមានបេះដូងកក់ក្ដៅ ជាពិសេសអំឡុងពេលទាក់ទងគ្នានាងមើលថែ និងស្រឡាញ់ក្រុមគ្រួសារខ្ញុំជាខ្លាំង ដោយមិនប្រកាន់ថាឪពុកខ្ញុំចាស់ ប្អូនៗខ្ញុំក្មេងខិលខូចម្ដេចទេ តែនាងទទួលបានទាំងអស់។ ហើយពេលរៀបការរួចគឺនាងនៅតែមើលថែពុកខ្ញុំបានយ៉ាងល្អ ហើយការងារក្នុងផ្ទះនាងក៏មើលការខុសត្រូវគ្រប់យ៉ាង ទោះមានឈ្នួលជួយមើលថែ តែពេលខ្លះ នាងស្ម័គ្រចិត្តធ្វើដោយខ្លួនឯង ហើយចំពោះ Gavin គឺ Rita សម្រេចចិត្តមើលការខុសត្រូវដោយខ្លួនឯងផ្ទាល់។ ក្រៅពីនេះនាងក៏បានជួយក្នុងរឿងមុខជំនួញ និងជាអ្នកពិគ្រោះយោបល់ល្អបំផុតសម្រាប់ខ្ញុំផងដែរ។ ទាំងនេះគឺជាហេតុផលដែលខ្ញុំគិតថានារីម្នាក់នេះគឺជាភរិយាដ៏ល្អ ហើយអរគុណជាខ្លាំងដែលខ្ញុំបានជួបនាង ហើយបាននាងជាប្រពន្ធ»៕