តារាសម្ដែង Lee Ji Han ដែលរងគ្រោះក្នុងសោកនាដកម្ម Itaewon តាមពិតពលីខ្លួន ដើម្បីសង្គ្រោះក្មេងស្រីម្នាក់
ជាការពិតណាស់ មរណភាពរបស់តារាសម្ដែង និង ចម្រៀង Lee Ji Han ដែលជាជនរងគ្រោះម្នាក់ក្នុងសោកនាដកម្មនៅ Itaewon ទីក្រុងសេអ៊ូល បានបណ្ដាលឱ្យមហាជនជាច្រើន សម្ដែងការសោកស្ដាយ និង អាឡោះអាល័យចំពោះរូបលោកគ្រប់ៗគ្នា។
ដោយឡែករំលងអស់ពេលប៉ុន្មានថ្ងៃ សារព័ត៌មានមួយឈ្មោះ Pann បានទម្លាយថា សាក្សីដែលនៅរស់រានម្នាក់បានឱ្យដឹងថា តារាសម្ដែង Lee Ji Han អំឡុងពេលហេតុការណ៍នៃការជាន់គ្នានៅ Itaewon នោះ រូបលោកបានពលីខ្លួនជួយសង្គ្រោះក្មេងស្រីម្នាក់ចេញពីហ្វូងមនុស្សដែលស្អិតជាប់គ្នាកកកុញ ប៉ុន្តែខណៈពេលជួយក្មេងស្រីរូបនោះរួចផុតជីវិត Lee Ji Han បែរជាអកុសលជាប់ខ្លួនក្នុងហ្វូងមនុស្ស រហូតថប់ដង្ហើមស្លាប់តែម្ដង។
ក្នុងនោះដែរ តាមព័ត៌មានបានឱ្យដឹងទៀតថា ឪពុកម្ដាយរបស់ក្មេងស្រីដែលរួចផុតជីវិត ក៏បានធ្វើការរំលែកទុក្ខទៅកាន់ក្រុមគ្រួសាររបស់ Lee Ji Han ផងដែរ។ ក្រោយព័ត៌មាននេះបានទម្លាយ មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន បានសម្ដែងការស្ញប់ស្ញែងចំពោះភាពពលីរបស់ Lee Ji Han ជាខ្លាំង រួមទាំងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភពផងចុះ៕