គេចផុតពីគ្រោះធំ Vill Wannarot កាន់បាច់ផ្កាទៅ Seoul City Hall Station ដើម្បីចូលរួមរំលែកទុក្ខ
សោកនាដកម្មមនុស្សកកស្ទះជាន់គ្នានៅ Itaewon ទីក្រុងសេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង អំឡុងពេលចូលរួមជប់លៀងក្នុងកម្មវិធីបុណ្យ Halloween កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ កន្លងទៅបានបណ្តាលឱ្យមនុស្សជាង ១០០ នាក់ បានបាត់បង់ជីវិត និង ជាច្រើននាក់ទៀតរងរបួស។
មកទល់ថ្ងៃនេះ ក្រោយពីកើតសោកនាដកម្មកាលពីថ្ងៃបុណ្យ Halloween មក គេឃើញថាមានមនុស្សជាច្រើនបាននាំយកបាច់ផ្កាទៅទីតាំងកើតហេតុនៅ Itaewon និង Seoul City Hall Station ដើម្បីចូលរួមរំលែកទុក្ខចំពោះគ្រួសារអ្នកដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍នោះ។
យ៉ាងណាមិញ ក្នុងហេតុការណ៍ដ៏តក់ស្លុតនេះ គេក៏បានឃើញមានតារាសម្ដែងស្រីថៃដ៏ល្បីមួយរូបគឺ Vill Wannarot ក៏បានចូលរួមក្នុងកម្មវិធីនោះដែរ នេះបើតាមការបង្ហោះរូបថតបង្ហាញទិដ្ឋភាពនៅ Itaewon នៅលើ Instagram របស់នាង តែនាងបានសុខសុវត្ថិភាព ព្រោះបានត្រឡប់ទៅដល់សណ្ឋាគារមុនពេលកើតហេតុ។ តួយ៉ាងនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ តារាស្រី Vill បាននាំយកបាច់ផ្កាមួយបាច់ទៅ Seoul City Hall Station ដើម្បីចូលរួមរំលែកទុក្ខចំពោះប្រជាជនកូរ៉េដែលបានបាត់បង់សាច់ញាតិក្នុងហេតុការណ៍អាក្រក់នោះ៕