ឃើញគូ Noly ប្រកាសបែកប្រពន្ធ ស្រាប់តែ រតនៈ វិសិដ្ឋ និយាយពីជីវិតគូយ៉ាងចាក់ដោតឡើង
នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ម្ចាស់បទ «លក់គោយន្ត» លោក Noly បានធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកស្ថិតក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយលោកប្រកាសថា បានចែកផ្លូវជាមួយអតីតភរិយាមួយរយៈមកហើយ ខណៈអ្នកទាំងពីររៀបការតាមប្រពៃណីជាមួយគ្នាជិត ២ ឆ្នាំ។
ជីវិតអាពាហ៍ពិពាហ៍មិនសមប្រកបរបស់តារាចម្រៀង Noly បានធ្វើឱ្យមហាជនជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយ ព្រោះថាលោក និង អតីតភរិយា ទទួលបានចំណងដៃកូនស្រីម្នាក់រួចទៅហើយ។
ដោយឡែកបន្ទាប់ពី Noly ប្រកាសរឿងប្រេះឆាពីជីវិតគូ គេស្រាប់តែឃើញតារាសម្ដែង រតនៈ វិសិដ្ឋ ចែករំលែករូបភាពរបស់ Noly ហើយបញ្ចេញយោបល់ចំពោះជីវិតគូយ៉ាងមានអត្ថន័យថា ៖ «អាពាហ៍ពិពាហ៍ ក៏មិនអាចបញ្ជាក់ពីភាពច្បាស់លាស់ នៃគូជីវិតដែរ !!! រឿងដែលសំខាន់មនុស្សពីរនាក់យល់ពីគ្នាប៉ុនណា? ចុះសម្រុងគ្នា ឬអត់? មិនមែនការឱ្យគេសសើរ ឱ្យគេឃើញថាឡូយ រៀបចំឱ្យស្អាតជាងគេ ធំជាងគេនោះទេ ឬការតាមគ្នា តាមអារម្មណ៍មួយឆាវទេ គឺត្រូវត្រៀមខ្លួនចូលបរិបទជីវិតមួយទៀត ដែលខុសកាលពីយើងនៅលីវ…!»៕