ពេជ្រ សោភា បញ្ជាក់ពាក្យ ២ ម៉ាត់ ក្រោយធ្លាយរូបកៀកកិត ឆឹម សក្កដា ជាថ្មី ក្នុងកម្មវិធីរៀបការក្មួយ
កាលពីអំឡុងចុងឆ្នាំ ២០២១ កន្លងទៅ មហាជននិយមតាមដានជីវិតឯកជនរបស់អ្នកនាង ពេជ្រ សោភា ជាពិសេសពីរឿងរ៉ាវបេះដូងរបស់តារាចម្រៀងរូបនេះ មានការភ្ញាក់ផ្អើលម្តងរួចមកហើយ ដោយអ្នកនាងបានប្រកាសមានស្នេហ៍ថ្មី និង បានទម្លាយថាបែកគ្នានឹងលោក ឆឹម សក្កដា ជាអតីតគូស្នេហ៍។ យ៉ាងណា ក្រោយមកគូស្នេហ៍ថ្មីដែលអ្នកនាងបានប្រកាសយកមកជំនួសលោក ឆឹម សក្កដា នោះ មើលទៅគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ។
បើទោះជាបានប្រកាសពីចំណងស្នេហ៍ ៥ ឆ្នាំរបស់តារាប្រុសស្រីមួយគូនេះបានដើរផ្លូវបំបែកមែន ក៏នៅតែធ្វើអ្នកគាំទ្រជាច្រើនបង្ហាញការចងចាំចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរកន្លងទៅ ជាពិសេសបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនក្នុងរយៈពេលច្រើនឆ្នាំមកនេះចំពោះអ្នកទាំងពីរ និង សង្ឃឹមថាតារាប្រុសស្រីទាំង ២ នឹងចងចំណងស្នេហ៍ជាថ្មី។
ជាក់ស្តែងកន្លងមក មហាជនក៏ធ្លាប់បានចាប់អារម្មណ៍ហើយដែរ បើទោះជាបានប្រកាសបែកគ្នាក៏ពិតមែន ប៉ុន្តែអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា តែងតែរំឭកពីគ្នានៅលើគណនីហ្វេសប៊ុកជាញឹកញាប់។ ជាពិសេសនោះ សូម្បីតែថ្ងៃកំណើតលោក ឆឹម សក្កដា ក៏អ្នកនាង ពេជ្រ សោភា បានបង្ហោះសារជូនពរដល់អតីតមិត្តប្រុសទៀតផង។
យ៉ាងណាមិញ ស្រាប់តែនៅថ្ងៃទី ០២ ខែវិឆ្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ ដែលគេដឹងថាជាថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ក្មួយប្រុសអ្នកនាង ពេជ្រ សោភា មហាជនបានឃើញមានការចូលរួមពីលោក ឆឹម សក្កដា ក្នុងកម្មវិធី ពោលគឺទាំងហែជំនូន កាត់សក់ និង អាហារពេលល្ងាចទៀតផង។ ជាងនេះទៅទៀត បានធ្វើឱ្យអ្នកគាំទ្រសង្ស័យថា តារាប្រុសស្រីទាំង ២ ត្រូវរូវគ្នាវិញ ព្រោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹកក្នុងកម្មវិធីមង្គលការត្រូវបានបែកធ្លាយ និង ចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok។
ក្រោយផ្ទុះការសង្ស័យ ថាអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ត្រូវរូវជានាចំណងស្នេហ៍នឹងគ្នាវិញក្រោយប្រកាសបែកគ្នាជិត ១ ឆ្នាំនោះ សាមីខ្លួនខាងស្រី គឺអ្នកនាង ពេជ្រ សោភា បានត្រឹមបញ្ចេញឆ្លើយតប ២ ម៉ាត់ដល់មហាជនថា ៖ «មិត្តភក្តិ» ដោយអ្នកគាំទ្រហាក់មិនជឿនោះឡើយ ដូច្នេះតើចំណងមិត្តភាពរបស់អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ជាអ្វីនឹងគ្នាឱ្យប្រាកដមានតែតាមដានបន្ត៕