Aom ទម្លាយអារម្មណ៍លើកដំបូង ក្រោយគូស្នេហ៍ហាយសូរដឹកដៃទៅជួបក្រុមគ្រួសារជាផ្លូវការ
មួយរយៈក្រោយនេះ រឿងរ៉ាវស្នេហារបស់តារាស្រីរាងតូចច្រឡឹង Aom Sushar ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសក្រោយពេលតារាស្រីរូបនេះ និង គូស្នេហ៍បានបង្ហាញភាពផ្អែមល្ហែមដាក់គ្នា ដើម្បីលុបបំបាត់ចចាមអារ៉ាមស្នេហ៍ប្រេះឆាដែលខ្សឹបពីមាត់មួយទៅមាត់មួយ។
ក្រៅពីភាពផ្អែមល្ហែម និង ដំណើរកម្សាន្តក្រៅប្រទេសលក្ខណៈគូស្នេហ៍ គេសង្កេតឃើញថាហាយសូរ Amp Ongkosit ដែលជាគូស្នេហ៍ជាង ៥ ឆ្នាំរបស់នាង ក៏ហាក់បង្ហាញភាពច្បាស់លាស់ ដោយបានដឹកដៃ Aom ទៅជួបក្រុមគ្រួសារណែនាំជាផ្លូវការ ហើយក៏មានទទួលទានអាហារពេលល្ងាចជុំគ្នាផងដែរ។
យ៉ាងណាមិញ ក្រោយត្រូវបានគូស្នេហ៍ណែនាំឱ្យក្រុមគ្រួសារស្គាល់ តារាស្រី Aom បានបង្ហាញអារម្មណ៍ជាលើកដំបូងថា ៖ «បង Amp ជាមនុស្សដែលចំណាយពេលជាមួយគ្រួសារច្រើន ហើយក្រុមគ្រួសារគាត់ជាមនុស្សនិយាយស្ដីពីរោះ សុភាព និង មានវិន័យគ្រប់គ្នា។ បង Amp ក៏ដូចគ្នាជាមនុស្សបែបនេះដូចគ្នា។ សម្រាប់មនុស្សស្រីគឺគិតថាគ្រប់គ្នានឹងមានអារម្មណ៍មិនខុសគ្នាទេ ព្រោះពេលជួបក្រុមគ្រួសារតែងតែភ័យផង រំភើបផង ពេលខ្លះក៏ធ្វើខ្លួនមិនត្រូវ តែក៏អរគុណក្រុមគ្រួសារបង Amp គឺគាត់ស្វាគមន៍ខ្ញុំយ៉ាងកក់ក្ដៅ ដែលធ្វើឱ្យភាពភ័យព្រួយក៏កាត់បន្ថយ។ ចំពោះរឿងដំណឹងរៀបការគឺដូចខ្ញុំធ្លាប់ប្រាប់ថា បណ្ដោយតាមពេលវេលាមិនមានការបង្ខំឡើយ ព្រោះវាជារឿងអនាគត តែបើមានខ្ញុំនឹងមិនលាក់ទុកនោះទេ នឹងប្រាប់គ្រប់គ្នាឱ្យដឹងជាមិនខាន»៕