ក្តៅគគុក! បវរកញ្ញាច្រើនប្រទេសនាំគ្នាវេចខោអាវមកផ្ទះវិញ ដកខ្លួនឈប់ប្រកួត Miss Planet International ពីប្រទេស Uganda
ពិតជារឿងដ៏ភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញា ដោយនៅសុខៗគេបានឃើញបណ្ដាបេក្ខភាពប្រកួតតំណាងប្រទេសមួយចំនួនក្នុងកម្មវិធី Miss Planet International 2022 បានដកខ្លួនចេញពីការប្រកួតជាបន្តបន្ទាប់ ខណៈដែលការប្រកួតកំពុងតែប្រព្រឹត្តិឡើងនៅប្រទេស Uganda នោះ។
បវរកញ្ញា ៣ ប្រទេសដែលប្រកាសជាសាធារណៈពីការដកខ្លួននោះ រួមមានបវរកញ្ញាប្រទេសហ្វីលីពីន បវរកញ្ញាប្រទេសចាម៉ៃកា និង បវរកញ្ញាសាធារណរដ្ឋឆែក ដោយបវរកញ្ញាទាំង ៣ រូបនេះ ខណៈកំពុងចូលរួមប្រកួតនៅលើទឹកដីប្រទេស Uganda ស្រាប់តែបានបង្ហោះសារតាមរយៈគណនីអ៊ីស្តាក្រាមរបស់ខ្លួនថា នាងត្រូវបានបោះបង់ការប្រកួតហើយ។
ក្នុងនោះបេក្ខភាពទាំង ៣ នាក់នេះ ក៏បានធ្វើការសុំទោសទៅកាន់បណ្ដាអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយពុំអាចបន្តទៅមុខទៀតបានដោយហេតុថារាល់ការចំណាយទាំងអស់គឺត្រូវស្ថិតលើបវរកញ្ញាផ្ទាល់ ហើយអ្នកគ្រប់គ្រងនៅប្រទេសម្ចាស់ផ្ទះនោះទៀត ហាក់មិនបានស្វែងរកដំណោះស្រាយណាមួយឱ្យឡើយ។
ជាមួយនឹងឃើញការចេញមកបង្ហោះសារដកខ្លួនដូចនេះ បានធ្វើឱ្យមហាជនមានការសោកស្តាយ និង ខកចិត្តជាខ្លាំង ដោយមិននឹកស្មានថាមានបញ្ហាបែបនេះកើតឡើង។ ទន្ទឹមនឹងនោះ ក៏មានព័ត៌មានលេចឮថាកម្មវិធី Miss Planet International 2022 ក៏ត្រូវរំសាយចេញផងដែរ តែយ៉ាងណាគេនៅមិនទាន់បានដឹងជាក់លាក់នោះទេ ដរាបណាពុំទាន់ឃើញមានការប្រកាសជាផ្លូវការពីគណៈគ្រប់គ្រងកម្មវិធី Miss Planet International៕