ទម្លាយមូលហេតុ ដែលកម្មវិធី Miss Planet International ប្តូរពី Uganda មកធ្វើនៅប្រទេសកម្ពុជាវិញ
ប្រិយមិត្តបានដឹងមកហើយ តាមគម្រោងកម្មវិធី Miss Planet International ឆ្នាំ ២០២២ នេះ បាន និង កំពុងធ្វើនៅប្រទេស Uganda ប៉ុន្តែចុងក្រោយនេះក៏មានព័ត៌មានថា មានបេក្ខភាពបវរកញ្ញាជាច្រើនប្រទេសបានប្រកាសដកខ្លួនចេញពីការប្រកួតនៅឯប្រទេសនេះជាបន្តបន្ទាប់ក្រោយមូលហេតុមួយចំនួន។
ក្រោយពីមានការប្រកាសដកខ្លួនចេញពីការប្រកួតរបស់បេក្ខភាពបវរកញ្ញាជាច្រើនប្រទេសរួចមក ស្រាប់តែនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ ផេកផ្លូវការរបស់ស្ថាប័ន Miss Planet International បានប្រកាសថា កម្មវិធីប្រកួតបឋម និង ផ្តាច់ព្រ័ត្រនៅប្រទេស Uganda ដែលនឹងធ្វើនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ មិនអាចដំណើរការបានទេ។
ជាមួយការប្រកាសនេះ ស្ថាប័ន Miss Planet International ក៏បានជូនដំណឹងដែរថា កម្មវិធីនឹងប្តូរមកធ្វើនៅប្រទេសកម្ពុជា ក្នុងខែមករា ឆ្នាំ ២០២៣ វិញ។
ទន្ទឹមនឹងនោះ ស្ថាប័ននេះក៏បានបង្ហាញនូវហេតុផលផ្លាស់ប្តូរនេះផងដែរថា ៖ «ចំពោះការផ្លាស់ប្តូរនេះ ដោយសារតែអ្នករៀបចំកម្មវិធីនៅប្រទេស Uganda មិនបានគោរពតាម និង បំពេញតាមតម្រូវការសម្រាប់ការសម្រេចនៃព្រឹត្តិការណ៍នេះ»។
យ៉ាងណាមិញ ជាមួយនឹងការផ្លាស់ប្តូរការប្រកួតលើកមកប្រទេសកម្ពុជា ស្ថាប័ន Miss Planet International ក៏បានសូមការអភ័យទោសចំពោះបេក្ខភាពបវរកញ្ញាបណ្តាប្រទេសទាំងអស់ផងដែរ៕