ហ្វេន TVB រំភើបមិនស្ទើរ ក្រោយឮថា Kenneth Ma រៀបការនៅអឺរ៉ុបឆ្នាំក្រោយ
ជាការពិតណាស់ ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងរួចមកហើយថា តារាសម្ដែងប្រុសហុងកុង Kenneth Ma និង តារាស្រី Roxanne Tong ដែលជាគូស្នេហ៍ តែងតែទម្លាយប្រាប់ពីគម្រោងរៀបការរបស់ពួកគេជារឿយៗ ប៉ុន្តែដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែបន្តកើតមានឡើងនៅហុងកុង ទើបបង្ខំឱ្យពួកគេត្រូវពន្យារពេលជាច្រើនលើកច្រើនដង។
យ៉ាងណាមិញ ក្រោយករណីឆ្លងហាក់ថមថយ និង វិធានការចត្តាឡីស័កហាក់បន្ធូរបន្ថយ តារាប្រុសរូបសង្ហារូបនេះ និងគូស្នេហ៍ គឺត្រៀមខ្លួនរួចរាល់សម្រាប់គម្រោងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ។
ជាក់ស្ដែង បើតាមការចេញផ្សាយរបស់សារព័ត៌មាន Jaynestars បានឱ្យដឹងថា គូស្នេហ៍តារាហុងកុងមួយគូនេះ គឺគ្រោងនឹងចាប់ដៃគ្នាចូលរោងការ អំឡុងពេលធ្វើដំណើរកម្សាន្ត នៅឆ្នាំ ២០២៣ ខាងមុខនេះ។ ស្របពេល Roxanne ចូលចិត្តតំបន់អឺរ៉ុបនោះ ប្រុសស្អាត Kenneth គឺគ្រោងនឹងរៀបចំពិធីមង្គលការនៅប្រទេសអង់គ្លេស ឬ ក៏កាណាដា។
ក្នុងនោះដែរ ខណៈតារាសម្ដែង Kenneth នឹងត្រូវមានកាលវិភាគរវល់ខ្លាំងក្នុងការថតខ្សែភាពយន្តនៅដើមឆ្នាំ ២០២៣ ដូចនេះ ពេលវេលាដ៏សមគួរសម្រាប់រៀបចំពិធីមង្គលការរបស់ពួកគេ គឺអាចនឹងនៅពាក់កណ្ដាលឆ្នាំ ២០២៣៕