A Supachai បើកបង្ហាញមុខតារាវ័យក្មេង ២ រូប ម្នាក់ៗសង្ហាខ្លាំង អ្នកគាំទ្រឃើញហើយលង់ស្នេហ៍ព្រាត
បើនិយាយពីតារាជើងចាស់ A Supachai មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថាតារារូបនេះ មិនត្រឹមតែជាមនុស្សមានឥទ្ធិពលក្នុងសង្គមសិល្បៈនោះទេ តែ A ក៏ជាអ្នកគ្រប់គ្រងតារាល្បីៗជាច្រើនរូបផងដែរ ជាពិសេសតារានីមួយៗដែលស្ថិតក្រោមការមើលថែរបស់គាត់គឺសុទ្ធសឹងតែមានឈ្មោះល្បី ហើយមានទីផ្សារការងារច្រើន។
ថ្មីៗនេះដែរ A បានបង្ហាញមុខតារាជំនាន់ថ្មី ២ រូបដែលរូបលោកទើបកំពុងដុសខាត់កែច្នៃ ដោយម្នាក់ៗសុទ្ធសឹងតែមានមុខមាត់ស្រស់ស្អាត និង រាងសង្ហា ជាពិសេសអាចក្លាយជាតារាសម្ដែងមានប្រជាប្រិយភាពនាពេលខាងមុខ។
A បានបង្ហើបឱ្យដឹងថា ៖ «ថ្ងៃនេះខ្ញុំណែនាំក្មេងថ្មី ២ នាក់ មកឱ្យមហាជនបានស្គាល់ ដោយទី ១ ឈ្មោះថា Ongsa ជាជនជាតិថៃ អាយុ ១៧ ឆ្នាំ អាចច្រៀងបានយ៉ាងល្អ ដោយខ្ញុំបានជួបគេនៅខេត្ត Lopburi ខណៈពេលទៅថតជាមួយ Aum ហើយក៏បានអូសទាញឱ្យចូលក្រុមហ៊ុន ដោយអំឡុងពេលយើងជួបគ្នាដំបូង Ongsa មានអាយុប្រមាណ ១៤-១៥ ឆ្នាំប៉ុណ្ណោះ»។
«ចំណែកអ្នកទី ២ គឺមានឈ្មោះថា Leo ជាកូនកាត់ថៃ-អ៊ីតាលី បច្ចុប្បន្នអាយុ ១៥ ឆ្នាំ។ កាលជួបដំបូងគឺគាត់អាយុ ១២ ឆ្នាំ ដោយ Leo ជាអ្នកស្គាល់គ្នាជាមួយ Moddam ជួបដំបូងៗក្មេងនេះមើលទៅធម្មតា តែពេលបានស្ដាប់សំឡេង អូហូសំឡេងមានមន្ដស្នេហ៍ ជាពិសេសអាចប្រើភាសាបាន។ ម្យ៉ាងខ្ញុំធ្លាប់លើកឡើងថាក្មេងរបស់ A ត្រឹមមុខមាត់តែម្យ៉ាងមិនគ្រប់គ្រាន់ទេ ត្រូវតែហ្វឹកហាត់សមត្ថភាព និង ទេពកោសល្យបន្ថែម ដើម្បីយកឈ្នះចិត្តមហាជនឱ្យពួកគាត់ចូលចិត្តយើង ហើយពេលនេះក្មេងៗទាំងពីរម្នាក់ៗសុទ្ធតែបានឆ្លងកាត់ការបណ្ដុះបណ្ដាលមក ដូច្នេះសូមអ្នកទាំងអស់គ្នាកុំភ្លេចរង់ចាំគាំទ្រស្នាដៃរបស់ពួកគេ ហើយក៏សូមផ្ញើក្មេងៗចូលក្នុងចិត្តអ្នកទាំងអស់គ្នាផង»៕