បែកសង្សារចាស់ជិតមួយឆ្នាំ Peach ទម្លាយថាចង់មានស្នេហ៍ថ្មី តែរកអ្នកស្អំបេះដូងមិនទាន់បាន
បើនិយាយពីតារាសម្ដែងប្រុស Peach Pachara Chirathivat មហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ថាលោកជាតារាសម្ដែងមានប្រជាប្រិយភាពមួយរូប មានស្នាដៃរឿងល្បីៗជាច្រើនមិនថាជារឿងភាគ ឬ ខ្សែភាពយន្ដខ្នាតធំនោះឡើយ ជាពិសេសលោកក៏ជាទាយាទមហាសេដ្ឋីមួយរូបដែលមានមុខជំនួញ មានទ្រព្យវាល់លានផងដែរ។
ដ្បិតតែការងារ និង អាជីពសិល្បៈ Peach ជោគជ័យ តែបើនិយាយពីរឿងស្នេហាវិញ តារាប្រុសរូបនេះហាក់ជួបតែរឿងខកចិត្ត ដោយលោកធ្លាប់បានបែកជាមួយសង្សារស្រី ៥ នាក់មកហើយ ហើយបច្ចុប្បន្ននេះនៅតែមិនទាន់មាននរណាចូលមកស្អំបេះដូងឡើយ។
Peach បានចេញមុខទម្លាយឱ្យដឹងថា ៖ «ខ្ញុំនៅទំនេរយូរហើយ តាំងពីខែមករាមកម្ល៉េះ ហើយក៏ទុកឱ្យនៅបែបនេះមួយរយៈ ម្យ៉ាងមិនមានអ្នកណាចូលមកសោះឡើយ គិតថាពួកគេអាចជាខ្លាច ដោយសារខ្ញុំក៏ខូចឈ្មោះដោយសាររឿងចាស់ច្រើនដែរ ដោយមិនដឹងសោះឡើយថាព័ត៌មានមកពីណា គឺចេញច្រើនពេកអ៊ីចឹងក៏បណ្ដោយតាមហ្នឹង»។
«ខ្ញុំជាមនុស្សងាយលង់ស្រឡាញ់ណាស់ ចង់មានភាពកក់ក្ដៅហើយក៏ចង់មានមនុស្សម្នាក់នៅក្បែរ ពេលមានរឿងល្អ ឬអាក្រក់ក៏អាចចែករំលែក មានមនុស្សម្នាក់ស្ដាប់រឿងយើង។ ខ្ញុំគិតថាខ្ញុំជាមនុស្សមិនចូលចិត្តរស់នៅម្នាក់ឯងនោះឡើយ ហើយខ្ញុំជាមនុស្សដែលយករឿងស្នេហាជារឿងធំ និងប្រាកដប្រជាខ្លាំង ហើយក៏ហួងហែងដូចគ្នា»៕