ស្រណោះណាស់! ខាត់ ស្រីវង បង្ហោះសារយ៉ាងកម្សត់ លាទឹកដីអាមេរិកមកខ្មែរកាន់ឆ្អឹងបងប្រុស
កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ អ្នកលេងបណ្ដាញសង្គមបានទទួលដំណឹងមរណភាពរបស់តារាកំប្លែង ខាត់ ចំរើន ដែលធ្វើឱ្យក្រុមគ្រួសារត្រកូលខាត់ទាំងមូល អ្នកសិល្បៈដែលបានរាប់អានគ្នាជាច្រើន ក៏ដូចជាមហាជនធ្លាប់គាំទ្រលោកមានការសោកស្ដាយនូវការបាត់បង់វត្តមានរបស់លោកជាពន់ពេក ដោយគេឃើញនៅលើបណ្ដាញសង្គមបានបង្ហោះរូបថត និង សារបង្ហាញអារម្មណ៍សោកសៅចូលរួមរំលែកទុក្ខដល់គ្រួសារសពជាហូរហែ។
ជាពិសេសនៅក្នុងពិធីបូជាសពលោក ខាត់ ចំរើន នៅថ្ងៃទី ២១ ខែវិច្ឆិកា ២០២២ កាន់តែជាទិដ្ឋភាពស្រងេះស្រងោចសម្រាប់ប្រពន្ធកូន សាច់ញាតិបងប្អូន និង អ្នករាប់អានគ្នា ក្នុងការជូនដំណើរលោកជាលើកចុងក្រោយ។
ងាកមកអ្នកនាង ខាត់ ស្រីវង ដែលកំពុងរស់នៅទឹកដីសហរដ្ឋអាមេរិកវិញ ក្រោយទទួលបានដំណើរមរណភាពរបស់លោក ខាត់ ចំរើន ដែលជាបងប្រុសបង្កើត ក៏ប្រញាប់ប្រញាល់រកទិញសំបុត្រយន្តហោះធ្វើដំណើរមកស្រុកខ្មែរចូលរួមពិធីបុណ្យបង ទោះបីជាមិនបានឃើញមុខបងប្រុសលើកចុងក្រោយក៏នាងមកចូលរួមបុណ្យ ៧ ថ្ងៃដែរ។
ខាត់ ស្រីវង លាប្ដី និង កូននៅអាមេរិក ហើយឡើងយន្តហោះមកខ្មែរនៅថ្ងៃទី ២២ ខែវិច្ឆិកា ព្រមទាំងលើកឡើងយ៉ាងស្រណោះថា ៖ «ប្អូនទៅហើយបងប្រុស ទោះមិនបានជួបមុខចុងក្រោយក៏បានទៅកាន់ឆ្អឹងបងដែរ ប្អូនអាណិតបងណាស់សង្ខារអើយ»៕