ច្បាស់ការហើយ! សល់មិនដល់ ១ ខែទៀតទេ Jin នឹងចូលបម្រើក្នុងយោធាហើយ
ពិតណាស់ដូចដែលមហាជន ជាពិសេសអ្នកគាំទ្រក្រុមចម្រៀងបុរសកូរ៉េ BTS ប្រាកដជាបានដឹងរួចមកហើយពីព័ត៌មានដែលពួកគេត្រូវបានអនុញ្ញាតដោយក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍ ពន្យារពេលនៃការចូលបម្រើការងាររបស់សមាជិកទាំង ៧ នោះ ស្របតាមច្បាប់សេវាកម្មយោធា ដែលច្បាប់មួយនេះបានកែប្រែកាលពីឆ្នាំ ២០២០ ហើយការចូលបម្រើការងារយោធារបស់ Jin ត្រូវបានពន្យារពេលរហូតដល់ចុងឆ្នាំ ២០២២ នេះ។
យ៉ាងណាមិញ នាថ្ងៃទី ១៤ ខែវិចិ្ឆកា ឆ្នាំ ២០២២ នេះ យោងតាមប្រភពយោធារបស់ប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា Jin នឹងចូលរួមក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធានៅឯស្រុក Yeoncheon ខេត្ត Gyeonggi-do នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះហើយ។
ដោយឡែក Jin នឹងទទួលបានការហ្វឹកហ្វឺនយោធាជាមូលដ្ឋាននៅឯមជ្ឈមណ្ឌលនោះចំនួន ៥ សប្តាហ៍ជាមុនសិន ហើយបន្ទាប់មករូបគេនឹងត្រូវទៅបញ្ជូនទៅកាន់អង្គភាពរបស់លោកក្នុងនាមជាយោធា ឬ ទាហានពេញសិទ្ធិវិញតែម្ដង។
គួរឱ្យដឹងផងដែរថា Yeoncheon គឺជាស្រុកនៅឯទិសពាយ័ព្យនៃប្រទេសកូរ៉េខាងត្បូង ដែលមានទីតាំងឆ្ងាយពីទីក្រុងសេអ៊ូល ហើយវាក៏ជាទីតាំងនៃអង្គភាពជួរមុខរបស់កងទ័ពកូរ៉េខាងត្បូងផងដែរ៕