លើកទី ១ កម្ពុជាបញ្ជូនយុវជន និង យុវតីគថ្លង់ចូលរួមប្រកួត Miss & Mister Deaf Universum
បើនិយាយពីវិស័យបវរកញ្ញាកម្ពុជាបច្ចុប្បន្នហាក់កាន់តែរីកចម្រើនខ្លាំង ដែលកន្លងមកស្ថាប័នបវរកញ្ញាកម្ពុជាជាច្រើនបានធ្វើការបញ្ជូនបវរកញ្ញានៃកម្មវិធីនីមួយៗតំណាងឱ្យកម្ពុជាចូលប្រកួតក្នុងកម្មវិធីអន្តរជាតិ ដែលសុទ្ធតែបវរកញ្ញាមានទាំងរូបសម្រស់ សមត្ថភាព ចំណេះដឹង និង ភាពជឿជាក់គ្រប់ជំនាន់។
ដោយឡែក ថ្មីៗនេះ អ្វីដែលកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកាន់តែចាប់អារម្មណ៍ទៀត និង បង្ហាញការជូនពរលើកទឹកចិត្តបន្តបន្ទាប់ ខណៈបានឃើញអ្នកគ្រប់គ្រងស្ថាប័ន Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន បានបង្ហោះឱ្យដឹងថា ស្ថាប័នបានបញ្ជូនបេក្ខភាពបវរកញ្ញា និង បុរសឯកពីររូបទៀតទៅប្រកួតឆាកអន្តរជាតិ ដែលក្នុងនោះគឺជាបវរកញ្ញា និង បុរសឯកគថ្លង់ទៅចូលប្រកួតក្នុងកម្មវិធី MISS & MISTER DEAF UNIVERSUM 2022 នៅឯប្រទេសថៃ។
នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ លោក ម៉ែន និមលរ័ត្ន បានបង្ហោះរូបភាព និង សាររៀបរាប់ថា ៖ «ថ្ងៃចេញដំណើររបស់ កញ្ញា ម៉ម សុភ័គ្រ Sopheak morm និង លោក សុខឃាង ហេង Sonkgeng Heng ជាយុវតី និង យុវជនគថ្លង់តំណាងឱ្យកម្ពុជា និង កំពុងហោះហើរចាកចេញពីប្រទេសកម្ពុជាទៅចូលរួមប្រកួត បវរកញ្ញា និង បុរសសង្ហា គថ្លង់ ២០២២ នៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៧ ខែវិច្ចិកា ដល់ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២។ ជូនពរអ្នកទាំងពីរមានការហោះហើរដ៏សុវត្ថិភាព និង ទទួលបានជោគជ័យ! សូមចូលរួមលើកទឹកចិត្តដល់គាត់ទាំងពីរ! OPEN MISS & MISTER DEAF UNIVERSUM 2022,19 MISS DEAF UNIVERSUM 2022, 19 MISTER DEAF UNIVERSUM 2022, 27 NOVEMBER – 5 DECEMBER 2022 THAILAND»៕