មានទីផ្សារមិនធម្មតា! ត្រឹម ៦ ខែ តារារ៉េបថៃ OG Bobby ឡើងចុះស្រុកខ្មែរមិនចេះតិចជើង
ពិតណាស់ តារារ៉េបថៃលោក OG Bobby ចាប់តាំងពីបានច្រៀងរួមគ្នាជាមួយតារារ៉េប វណ្ណដា ក្នុងបទ «YOUNG MAN» និង បទ «BONG» មក គេសង្កេតឃើញថា ប្រជាប្រិយភាព ព្រមទាំងសន្ទុះនៃការគាំទ្រពីសំណាក់អ្នកគាំទ្រ ក្នុងប្រទេសកម្ពុជា មានការចាប់ផ្ដើមកើនឡើងយ៉ាងគគ្រឹកគគ្រេងគួរឱ្យកត់សម្គាល់។
យ៉ាងណាមិញ បើគិតត្រួសៗចាប់តាំងពីខែឧសភា ឆ្នាំ ២០២២ រហូតមកដល់ខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ទីផ្សារការងារ លោក OG Bobby ហាក់មមាញឹកជាមួយនឹងការសម្ដែងនៅក្នុងប្រទេសកម្ពុជាមិនធម្មតានោះទេ។
តួយ៉ាង ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកពីការងារដែលលោកបានធ្លាប់មកសម្ដែង និង គ្រោងមកសម្ដែងម្ដងទៀតនៅកម្ពុជាជូនប្រិយមិត្តជ្រាបកាន់តែច្បាស់ ៖
– កាលពីចុងខែ ឧសភា ឆ្នាំ ២០២២ កន្លងទៅ លោកបានមកដើម្បីថត MV បទ «YOUNG MAN» ជាមួយលោក វណ្ណដា ក្នុងទីក្រុងភ្នំពេញ។
– រីឯថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ តារារ៉េបថៃខាងលើបានមកជាមួយនឹងសមាជិកផ្សេងទៀតក្នុងផលិតកម្ម HYPE TRAIN រួមមាន៖ លោក SPRITE, លោក ESKIIMO និង លោក GUYGEEGEE សម្រាប់ការប្រគំតន្រ្តី «SKULL TOUR» ក្នុងទីក្រុងភ្នំពេញ របស់លោក វណ្ណដា។
– ចំណែកឯកាលពីចុងខែតុលា កន្លងទៅ ពោលគឺថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២២ លោក ព្រមទាំងសមាជិកផ្សេងទៀតខាងលើ ក៏បានវិលមកសាជាថ្មីម្ដងទៀត នៅឯ CENTRAL CLUB ក្រុងភ្នំពេញ។
– អ្វីដែលធ្វើឱ្យអ្នកគាំទ្រតារារ៉េបរូបនេះរំភើបថែមទៀតនោះ គឺនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ លោកនឹងមានវត្តមានម្ដងទៀតជាមួយនឹង លោក ESKIIMO នៅឯ EPIC ២៕