ពេជ្រ ចរណៃ ទឹកភ្នែកហូរលាយក្ដីរំភើប ពេលឮថា គុនល្បុក្កតោចុះក្នុងបញ្ជីអរូបិយ យូណេស្កូ
ជាដំណឹងដ៏គួរឱ្យអបអរសាទរ និង រំភើបបំផុតមួយសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដោយក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ បានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំក្នុងប្រទេសម៉ារ៉ុក នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
ងាកមកតារាសម្ដែង ពេជ្រ ចរណៃ ដែលជាអ្នកស្រឡាញ់ និង ផ្សព្វផ្សាយគុនល្បុក្កតោមួយរូបនៅកម្ពុជា បានបង្ហាញអារម្មណ៍រំភើបត្រេកអរជាពន់ពេកពេលទទួលបានដំណឹងដ៏វិសេសវិសាលនេះ សូម្បីតែនាងកំពុងមានជំងឺព្យូសេរ៉ូមនៅនឹងដៃ ក៏មានអារម្មណ៍ធូរស្រាលពីជំងឺដល់ទៅ ៣០ ភាគរយ គ្រាន់តែបានឮដំណឹងថា គុនល្បុក្កតោចុះក្នុងបញ្ជីអរូបិយរបស់យូណេស្កូ។
ពេជ្រ ចរណៃ រៀបរាប់យ៉ាងរំភើបនៅលើគណនីហ្វេសប៊ុកថា ៖ «តើបងប្អូនទាំងអស់គ្នាដឹងទេ? ថាអារម្មណ៍មួយដែលបំណងប្រាថ្នាធំបំផុតសម្រាប់ការខិតខំប្រឹងប្រែងរយៈពេល ៨ ឆ្នាំ ទទួលបានជោគជ័យ មានអារម្មណ៌យ៉ាងណា? គ្រាន់តែឮដំណឹងច្បាស់ការថា ល្បុក្កតោបានចូលក្នុងបញ្ជីអរូបិយរបស់អង្គការយូណេស្កូភ្លាម ខ្ញុំបានធូរពីជំងឺទាំងដែលដៃនៅព្យូសេរ៉ូមបានប្រហែល ៣០% នៅឡើយ ទឹកភ្នែកខ្ញុំហូរស្របពេលដែលខ្ញុំកំពុងរំភើបត្រេកអរ (អារម្មណ៍មួយនេះបងប្អូនដឹងហើយ)»៕