អេដ ដា ពឹងមហាជនជួយដាក់ឈ្មោះឱ្យកូនក្នុងផ្ទៃជាឈ្មោះខ្មែរ-អាមេរិក មានអីគេចូលខមមិនដាក់ឱ្យព្រាត ប្លែកៗណាស់!
បើទោះជាមិនទាន់បានបញ្ជាក់ពីភេទក្នុងផ្ទៃក៏ពិតមែន តែតារាចម្រៀង អេដដា កាន់តែមានក្ដីសុខពីមួយថ្ងៃទៅមួយថ្ងៃក្នុងនាមជាអ្នកម៉ាក់ និង ថែមទាំងទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីគូដណ្តឹងកាន់តែខ្លាំងឡើងៗថែមទៀតផង។
បើទោះជាមិនទាន់បានបញ្ជាក់ពីពេលវេលាគ្រប់ខែច្បាស់លាស់ក្តី តែមហាជនជឿជាក់ថា ម្ចាស់បទ «ពីរនាក់បានហើយ» រូបនេះ ក៏នឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះបើគិតមកដល់ពេលនេះអ្នកនាងមានពពោះប្រមាណ ៧ ខែហើយ។
តួយ៉ាង អាយុកូនក្នុងផ្ទៃកាន់តែចាស់ខែ ពោលគឺកាន់តែកៀកថ្ងៃសម្រាល អេដ ដា បានបង្ហោះសារលើផេកហ្វេសប៊ុកជាផ្លូវការរបស់ខ្លួន សុំយោបល់មហាជនឱ្យជួយដាក់ឈ្មោះឱ្យកូនបែបខ្មែរ-អាមេរិក ដោយមានត្រកូលរបស់ស្វាមីឈ្មោះ «តាន់»។
សារបែបកំប្លែងៗនោះ អ្នកនាង អេដ ដា បានរៀបរាប់ថា ៖ «ម៉ាក់ៗអើយ សុំឈ្មោះកូនកាត់ខ្មែរ អាមេរិក មួយ ត្រកូល តាន់។ អូនៗកូនខ្មែរ កាត់អាមេរិក កាត់ចិន កាត់ឡាវដាក់ឱ្យអស់មក។ តាមគេតាមឯង»។ ក្រោយពីឃើញសារនោះហើយ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិ ឱ្យឈ្មោះពីរោះៗជាច្រើនជាគម្រូឱ្យ អេដ ដា ហើយខ្លះទៀតក៏ឱ្យឈ្មោះបែបលេងសើចឱ្យអ្នកនាងផងដរ៕