មិនទាន់ក្លាយជាប្ដីប្រពន្ធ តែ Kenneth Ma ជួយការងារផ្ទះសង្សារសឹងគ្រប់សព្វ គួរឱ្យសរសើរ
ជាការពិតណាស់ ចាប់តាំងតែពីតារាសម្ដែងប្រចាំទូរទស្សន៍ TVB លោក Kenneth Ma និង Roxanne Tong ប្រកាសថា ពួកគេបានកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នាមក មហាជន ក៏ដូចជាអ្នកគាំទ្រជាច្រើន តែងតែបង្ហាញអារម្មណ៍ទន្ទឹងរង់ចាំមើលថ្ងៃដែលតារាក្នុងដួងចិត្តរបស់ពួកគេទាំង ២ រូបនេះចូលរោងការ។
ដោយឡែក បើទោះបីជាតារាប្រុសស្រីមួយគូនេះ មិនទាន់បានប្រកាសថ្ងៃរៀបការក៏ពិតមែន ប៉ុន្តែ តារាសម្ដែង Kenneth ថ្មីៗកន្លងទៅនេះ បានទម្លាយរួចហើយថា លោក និង មិត្តស្រី គឺបានរើមករស់នៅជាមួយគ្នាហើយ។
ក្នុងការរើមករស់នៅជីវិតថ្មីជាមួយដៃគូនេះ Kenneth បានទម្លាយឱ្យដឹងដែរថា លោកបានផ្លាស់ប្ដូរខ្លួនឯងច្រើនមែនទែន ដោយសារពីមុនលោកធំធាត់ឡើងដោយមានម្ដាយជាអ្នកមើលថែទាំគ្រប់បែបយ៉ាង។
Kenneth បាននិយាយថា ៖«ខ្ញុំពឹងលើម្ដាយខ្ញុំស្ទើរតែទាំងស្រុងកាលពីមុន តែឥឡូវនេះ ខ្ញុំត្រូវរៀនធ្វើដោយខ្លួនឯង។ ឥឡូវ ខ្ញុំស្ទាត់តែម្ដងក្នុងការលាងចាន និង បោកសម្លៀកបំពាក់ ហើយនឹងយកសំរាមបោះចោល។ មិត្តស្រីខ្ញុំ ពូកែខាងធ្វើម្ហូប បើទោះបីជាយើងកម្រធ្វើវាក៏ដោយ»។
តារាប្រុសមុខស្រស់រូបនេះ បានឱ្យដឹងទៀតថា លោកគឺត្រូវរ៉ូវគ្នាជាមួយមិត្តស្រីណាស់ ក្រោយមករស់នៅជាមួយគ្នានេះ ហើយពួកគេក៏មិនទាន់ដែលកើតមានទំនាស់ទាស់ទែងនឹងគ្នាអ្វីម្ដងឡើយ៕