Mark Prin បង្ហើបថាមានដំណឹងល្អ អ្នកគាំទ្រវឹងចូលខំមិនលេងភ្លែតសង្ស័យ Kimberley មានទម្ងន់
នៅឆ្នាំ ២០២៣ ខាងមុខនេះ តារាសម្ដែងជួរមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Mark Prin និង តារាសម្ដែងស្រី Kimberley នឹងកាន់ដៃគ្នាចូលរោងការហើយ បន្ទាប់ពីស្រឡាញ់គ្នាមកអស់រយៈពេល ៩ ឆ្នាំ។ ទន្ទឹមនឹងនោះ គេឃើញថា គូស្នេហ៍តារាគូនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការកាន់ដៃគ្នាសាងគ្រួសារ។
ដោយឡែក សម្រាប់តារាសម្ដែង Mark Prin និង Kimberley ជាគូស្នេហ៍មួយដែលបានត្រៀមខ្លួន និង រៀបចំបម្រុងទុកសព្វបែបយ៉ាងមុនថ្ងៃរៀបការមកដល់មិនថា សម្លៀកបំពាក់ ឬ របស់របរផ្សេងៗឡើយ។ តួយ៉ាងថ្មីៗនេះ អ្នកទាំងពីរក៏ទើបតែសាងសង់ផ្ទះមួយខ្នងយ៉ាងស្រស់ស្អាតទុកសម្រាប់រស់នៅក្រោយរៀបការផងដែរ។
បើនិយាយពីភាពស្និទ្ធស្នាលវិញ អ្នកកំលោះ Mark និង ស្រីស្រស់ Kimberley តែងតែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមមិនសូវដាច់ឡើយ។ ជាក់ស្តែងនៅថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងប្រុស Mark បានកាន់ដៃគូដណ្ដឹងទៅភោជនីយដ្ឋានល្បីមួយកន្លែង ដោយទទួលទានអាហារជាមួយគ្នាដើម្បីអបអររឿងល្អមួយ ដែលរឿងនោះ អ្នកកំលោះមុខស្រស់ Mark ពុំបានបញ្ជាក់ច្បាស់ឡើយថាជារឿងអ្វីនោះ គឺបានត្រឹមបង្ហោះរូបភាពតារាស្រី Kim លើកកែវស្រាភ្ជាប់ជាមួយនឹងសារមួយឃ្លាថា៖ «តស់! ជល់មួយ សម្រាប់ដំណឹងល្អ»។
ជាមួយនឹងការបង្ហើបថាមានដំណឹងល្អនេះ ពិតធ្វើឱ្យមហាជនអន្ទះសាចង់ដឹងជាខ្លាំងថាជារឿងអ្វី។ ក្នុងនោះមានអ្នកគាំទ្រមួយចំនួនធំបាននាំគ្នាបញ្ចេញមតិទស្សន៍ទាយថា ដំណឹងល្អដែល តារាប្រុស Mark បង្ហើបនោះអាចជារឿងតារាស្រី Kim មានទម្ងន់ និង មួយទៀតពេលវេលារៀបការ ព្រោះកន្លងមកតារាស្រីប្រុសទាំងពីរនេះធ្លាប់តែប្រាប់ថានឹងរៀបការនៅឆ្នាំ ២០២៣ តែពុំទាន់បញ្ជាក់ថ្ងៃជាក់លាក់នៅឡើយទេ។ យ៉ាងណាមិញ នេះគ្រាន់តែជាការសង្ស័យរបស់មហាជនប៉ុណ្ណោះ សម្រាប់រឿងរ៉ាវពិតមានតែរង់ចាំការទម្លាយពីតារាស្រីប្រុសគូនេះម្តងទៀត៕