Pat តបផាំងៗ ក្រោយផ្ទុះការសង្ស័យថាបុរសដែលរាំជាមួយក្នុង Tik Tok ជាគូស្នេហ៍ខុសវ័យ ១៤ ឆ្នាំ
មួយរយៈក្រោយនេះ គេសង្កេតឃើញថារឿងរ៉ាវស្នេហារបស់តារាស្រី Pat Napapa ហាក់ធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មី ក្រោយលេចធ្លាយដំណឹងថានាងកំពុងបង្កាត់ភ្លើងស្នេហ៍ថ្មីជាមួយបុរសវ័យក្មេងជាងខ្លួនដល់ ១៤ ឆ្នាំ។
ក្រោយមក Pat ក៏បានចេញមុខទទួលស្គាល់ថា ៖ «នាងពិតជាមានទំនាក់ទំនងជាមួយបុរសវ័យក្មេងជាងពិតមែន តែមិនទាន់ជាសង្សារនៅឡើយទេ ដោយគ្រាន់តែនិយាយញ៉ែគ្នា និង កំពុងមើលចិត្តគ្នាតែប៉ុណ្ណោះ»។
បន្ទាប់ពី Pat ចេញមុខបកស្រាយស្រាប់តែផ្ទុះការសង្ស័យជាថ្មីថា តាមពិតទៅគូស្នេហ៍ថ្មីរបស់ Pat គឺជាបុរសដែលគេឃើញរាំកម្សាន្តជាមួយនាងនៅលើ Tik Tok កាលពីថ្មីៗនេះ ដោយគេសង្កេតឃើញអ្នកទាំងពីរស្និទ្ធស្នាលគ្នា ហើយស្របពេលលេចផ្ទុះដំណឹងនេះឡើង។
មិនបណ្ដោយឱ្យចចាមអារ៉ាមនេះ សាយភាយកាន់តែធំ Pat ក៏ចេញមុខបកស្រាយវិញភ្លាមៗថា ៖ «តាមពិតទៅបុរសដែលបងប្អូនឃើញនោះ មិនមែនជាគូស្នេហ៍ខ្ញុំទេ គាត់ជាមិត្តភក្ដិខ្ញុំឈ្មោះថា «ពេទ្យគីម» ឬ គ្រូពេទ្យ Kittithach Sinpipatporn ជាម្ចាស់គ្លីនិក La Ferly Clinic បច្ចុប្បន្នអាយុ ២៩ ឆ្នាំ នៅកំលោះទេ ហើយគាត់ចូលចិត្តមនុស្សស្រីដែលមានស្បែកសៗ ស្អាត កាត់ចិនតិចៗ ហើយមានអាយុក្មេងជាង គាត់ក៏មានគម្រោងចង់រកគូរៀបការមានកូនប្រមាណ ៣-៤ ឆ្នាំខាងមុខនេះ ចឹងប្រាកដណាស់គាត់មិនចាប់អារម្មណ៍ Pat ទេ»៕