មិនខ្ចីខ្វល់! ម្តាយ Kwan បោះសម្តីផាំង បើចង់បាន Kwan ធ្វើប្រពន្ធ លុះត្រាមានជាង Kwan
បាត់មុខមួយរយៈ ថ្មីៗនេះតារាស្រី Kwan Usamanee ចេញមុខទម្លាយដំណឹងល្អធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលព្រាត ពោលគឺនាងបានទម្លាយច្បាស់ៗថា ពេលនេះ នាងមានសង្សារថ្មីទាក់ទងគ្នាជិត ១ ឆ្នាំហើយ ហើយក៏កំពុងតែទាក់ទងមើលចិត្តគ្នាដែរ។
ចំណែកទំនាក់ទំនងស្នេហារបស់នាងវិញ រលូនធម្មតាគ្មានអ្វីជាឧបសគ្គអ្វីទេ រង់ចាំតែថ្ងៃមង្គលនឹងចូលមកដល់តែប៉ុណ្ណោះ។ ហើយអ្វីដែលមហាជនចាប់ក្រសែភ្នែក ទន្ទឹងរង់ចាំមើលនោះគឺ នៅពេលដែលបានឮល្ហៀងៗចេញពីមាត់តារាស្រីរូបនេះថា គូស្នេហ៍របស់នាងជាជនជាតិបរទេស តែការពិតយ៉ាងណានោះមានតែចាំមើលបន្តតែប៉ុណ្ណោះ។
ដោយឡែក ទន្ទឹមនឹងទម្លាយពីទំនាក់ទំនងកំពុងតែផ្អែមល្ហែមនោះ បើងាកទៅមើលម្តាយរបស់តារាស្រី Kwan Usamanee វិញហាក់មិនទាស់អ្វីឡើយចំពោះគូស្នេហ៍ថ្មីរបស់កូនស្រីបណ្តូលចិត្ត។ តែរឿងម្យ៉ាងដែលលោកស្រីបង្ហើបចេញពីមាត់ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះគឺ លោកស្រីបានបង្ហើបថា កូនប្រសាលោកស្រីមិនបាច់ជាអ្នកមានអ្វីពេកក៏បាន សុំត្រឹមមានជាងកូនស្រីរបស់លោកស្រីបានហើយ ព្រោះមិនចង់ឱ្យកូនស្រីលោកស្រីហត់រកស៊ីចិញ្ចឹម៕