ធ្មេចបើកៗជាង ១០០ ថ្ងៃទៀត Seungri ចេញពីគុក មានសេរីភាពវិញហើយ
កាលពីខែមករា ឆ្នាំ ២០២០ កន្លងទៅ Seungri សមាជិកក្រុម Bigbang ត្រូវបានចោទប្រកាន់ចំនួន ៩ ករណី មានដូចជា ការនាំនារីរកស៊ីផ្លូវភេទខុសច្បាប់ ការលេងល្បែងនៅក្រៅប្រទេសខុសច្បាប់ ការផ្សព្វផ្សាយរូបភាពផ្លូវភេទ ដែលថតដោយខុសច្បាប់ ការកេងបន្លំ ការគំរាមកំហែង និង ការរំលោភបំពាន ជាដើម ដោយលោកនឹងត្រូវជាប់ពន្ធនាគារ ចាប់តាំងពីខែសីហា ឆ្នាំ២០២១ រហូតដល់ ខែកុម្ភៈ ឆ្នាំ២០២៣។
ពេលវេលាពិតជាដើរលឿនណាស់ ដោយគិតមកដល់ខណៈនេះ ពេលវេលារបស់ Seungri ដែលនៅក្នុងពន្ធនាគារសល់ប្រមាណជាង ១០០ ថ្ងៃទៀតប៉ុណ្ណោះ រូបគេនឹងមានសេរីភាពឡើងវិញហើយ។
គួរឱ្យដឹងផងដែរថា បន្ទាប់ពីរកឃើញថាមានពិរុទ្ធលើបទចោទទាំង ៩ រួចមក នៅក្នុងខែសីហា ឆ្នាំ ២០២១ Seungri ត្រូវបានកាត់ទោសលើដំបូងដោយតុលាការយោធា ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ។ យ៉ាងណាមិញ មកដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ តុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង បានបើកការសន្និដ្ឋានម្តងទៀត និង ជាលើកចុងក្រោយចំពោះការកាត់ទោសរបស់តុលាការយោធាជាន់ខ្ពស់ទៅលើ Seungri នោះ ដោយបន្ទាប់ពីបានសិក្សាបន្ថែម និង សន្និដ្ឋានយ៉ាងល្អិតល្អន់ទៅលើករណីទាំងនោះរួច ពេលនេះតុលាការកំពូលនៃប្រទេសកូរ៉េខាងត្បូង បានសម្រេចការកាត់ទោសលើ Seungri ជាថ្មីហើយ ដោយត្រូវបានកែសម្រួលការកាត់បន្ថយទោសពី ៣ ឆ្នាំ មកត្រឹម ១ ឆ្នាំ និង ៦ ខែវិញ។
ចាប់តាំងពីបញ្ចប់ការកាត់ក្តីដំបូងរបស់ Seungri ក្នុងខែសីហា ឆ្នាំ ២០២១ កន្លងទៅ រូបគេត្រូវបានជាប់ពន្ធនាគារយោធាតាំងពីពេលនោះមក ប៉ុន្តែកាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា នេះ តាមសេចក្តីសម្រេចរបស់តុលាការកំពូល អតីតសមាជិកក្រុម BIGBANG រូបនេះ នឹងត្រូវចេញពីពន្ធនាគារយោធា ហើយបញ្ជូនមកកាន់ពន្ធធនាគារស៊ីវិលវិញ ប្រមាណជា ៩ ខែបន្ថែមទៀត ហើយលោកនឹងរួចចេញពីការឃុំខ្លួននៅខែកុម្ភៈ ឆ្នាំ ២០២៣ ខាងមុខនេះ៕