ស្ដាយណាស់! ស្រ្តេសពេក Natalie Tong សម្រចចិត្តមិនបន្តកុងត្រាជាមួយនឹង TVB ទៀតទេ
កាលពីខែកញ្ញា ឆ្នាំ២០២២កន្លងទៅ តារាសម្ដែងស្រីហុងកុង Natalie Tong បានបញ្ចប់កុងត្រាជាមួយនឹងស្ថានីយទូរទស្សន៍ TVB ដោយនាងបានបង្ហើបថាមិនបន្តកុងត្រាទៀតនោះទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានចេញមុខមកទម្លាយនៅក្នុងកម្មវិធីជជែកកម្សាន្ត «Sister Talk» ពីមូលហេតុដែលនាងសម្រេចចិត្តលែងបន្តកុងត្រាជាមួយនឹង TVB បន្ទាប់ពីធ្វើការងារជាមួយគ្នាអស់រយៈពេល ១៩ឆ្នាំ ចាប់តាំងពីនាងចូលធ្វើជាតារាបង្ហាញម៉ូដ ក្នុងឆ្នាំ ២០០៣។
ក្នុងនោះ តារាសម្ដែងស្រីវ័យ ៤០ឆ្នាំរូបនេះ បាននិយាយថាការសម្រេចចិត្តចេញរបស់នាងគឺដោយសារតែភាពតានតឹងជាមួយនឹងការងារ។ ជាមួយគ្នានោះ នាងបាននិយាយថា៖ «នៅពេលដែលខ្ញុំចាប់ផ្តើមអាជីពជាតារាសម្ដែង ក្នុងមួយឆ្នាំ ខ្ញុំថតសម្ដែងរឿងបានចំនួន ៤ រឿង ប៉ុន្តែរយៈពេល ២ឆ្នាំចុងក្រោយមកនេះ ពេលដែលខ្ញុំថតសម្ដែងរឿង ៤ ខ្ញុំគិតថាខ្ញុំពិបាកថតសម្ដែង មិនដូចពីមុន»។ ដោយ តារាស្រីរូបនេះបានបញ្ជាក់ពីហេតុផលថា ព្រោះតែភាពតានតឹង ឬ ស្ដ្រេស ធ្វើឱ្យនាងជ្រុះសក់ ហើយចាប់ផ្តើមស្រកគីឡូផងដែរ។
ទោះជាយ៉ាងណាក៏ដោយ តារាស្រី Natalie ក៏បាននិយាយបន្តថា៖ «ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើ ហើយរស់នៅដោយប្រើជីវិតធម្មតាវិញ»៕