អីយ៉ាស់! ស្ងាត់ៗ Bright កាន់ដៃកាន់ដៃសង្សារថ្មីថ្មោង ទៅដើរព្រៃបោះតង់លេងយ៉ាងផ្អែមល្ហែមជាមួយគ្នា
បើនិយាយពីរឿងរ៉ាវបេះដូងវិញ តារាសម្ដែងប្រុស Bright Norraphat ខណៈនេះកំពុងតែស៊ីជម្ពូ បន្ទាប់ពីបើចំហជាសាធារណៈថាលោកកំពុងតែទាក់ទងជាមួយនារីក្រៅសិល្បៈម្នាក់ឈ្មោះថា Parajum ឬ ហៅឈ្មោះមួយទៀតថា Min។ បន្ទាប់ពីប្រកាសពីទំនាក់ទំនងមក ជារឿយៗគូស្នេហ៍ថ្មីថ្មោងមួយគូនេះតែងបាននាំគ្នាដើរកម្សាន្តបង្ហាញពីក្តីសុខមិនសូវដាច់ឡើយ។
តួយ៉ាង កាលពីពេលថ្មីនេះៗគេឃើញ Bright និង សង្សារ បានកាន់ដៃគ្នាទៅបោះតង់នៅឯព្រៃ រួមជាមួយនឹងមិត្តភក្តិជំនាន់មធ្យមសិក្សា ១០ នាក់ឯទៀត។ ជុំវិញការទៅដើរកម្សាន្តបែបបោះតង់ចូលព្រៃនេះ Bright បានទម្លាយឱ្យដឹងថា នេះជាលើកទីមួយហើយដែលលោកបាននាំសង្សាររបស់ខ្លួនទៅ ហើយសង្សាររបស់លោកក៏សប្បាយរីករាយដែរ ព្រោះនៅទីនោះស្ងប់ស្ងាត់ល្អមានពេលវេលាច្រើនក្នុងការនិយាយសាសងគ្នា។
ទៅដើរកម្សាន្តជាមួយសង្សារបណ្ដូលចិត្តមែន តែអ្នកកំលោះ Bright និង គូស្នេហ៍ពុំបានថតរូបគូឱ្យមហាជនបានឃើញទេ គឺអ្នកទាំងពីរថតរូប និង បង្ហោះម្នាក់ឯងៗប៉ុណ្ណោះ។ ទោះបីមិនបង្ហោះរូបគូ ក៏មហាជនអាចស្មានដឹងថា ក្តីស្នេហ៍អ្នកទាំងពីរថាស៊ីជម្ពូកម្រិតណាដែរ ព្រោះថារាល់រូបភាពនីមួយៗដែលបង្ហោះពោរពេញដោយស្នាមញញឹម និង ក្ដីសុខ មិនថាតារាប្រុស Bright ឬ ក៏ Min នោះទេសុទ្ធសឹងតែស្រស់ស្រាយ៕