ក្រោយរលាយកេរ្ដិ៍ឈ្មោះពីសិល្បៈ Zheng Shuang ប្រើជីវិតយ៉ាងនឹកស្មានមិនដល់ ជាមួយកូនៗទាំងពីរ
បើតាមការចុះផ្សាយរបស់ Sohu កាលពីពេលថ្មីៗនេះ បានរាយការណ៍ឱ្យដឹងថា អតីតតារាសម្ដែងស្រីរបស់ចិន Zheng Shuang បានចែករំលែករូបថតដើរលេងកម្សាន្តជាមួយនឹងកូនភ្លោះប្រុសស្រីរបស់នាងនៅខាងក្រៅយ៉ាងសប្បាយរីករាយ ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថា កូនទាំងពីររបស់នាងជាមួយនឹងអតីតមិត្តប្រុស ត្រូវបានតុលាការបង្គាប់ឱ្យរស់នៅជាមួយនឹងឪពុកដែលជាអតីតមិត្តប្រុសរបស់នាង ដោយតារាស្រីរូបនេះមិនមានសិទ្ធិមើលថែកូននោះទេ ពោលគឺ Zheng Shuang មានសិទ្ធិត្រឹមជួបលេងជាមួយកូនៗតែ ២ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។
យ៉ាងណាមិញ កាលពីមុនក្នុងអំឡុងពេលសវនាការ Zheng Shuang បានព្យាយាមយកឈ្នះក្តីលើសិទ្ធិចិញ្ចឹមមើលថៃកូនរបស់នាង ប៉ុន្តែតុលាការសហរដ្ឋអាមេរិកបាននិយាយថា នាងមិនបានបង្ហាញភាពជាម្ដាយគ្រប់គ្រាន់ និងអាចចិញ្ចឹមកូនបាននោះទេ ដូច្នេះហើយ ទើបតុលាការសម្រេចឱ្យនាងចូលរៀនបន្ថែមវគ្គថែទាំក្មេង ហើយការដើរកម្សាន្តជាមួយកូនដូចក្នុងរូបថតដែលបានបង្ហាញនេះ គឺចង់បង្ហាញពីការខិតខំប្រឹងប្រែងរៀនមើលថែក្មេងរបស់នាងនាពេលកន្លងមក។
ត្រឡប់មកនិយាយអំពីជីវិតក្រោយពេលចាកចេញពីវិស័យសិល្បៈចិនមករស់នៅសហរដ្ឋអាមេរិកវិញ ពេលនេះ Zheng Shuang នាងកំពុងសិក្សាចំណេះដឹងផ្នែកច្បាប់ ដើម្បីប្រឆាំងនឹងអ្នកដែលទាញយកផលប្រយោជន៍ពីរូបនាង។
សូមរំលឹកផងថា Zheng Shuang បានបាត់បង់ភាពល្បីល្បាញពីសិល្បៈ ដោយសារតែនាងត្រូវបានអតីតមិត្តប្រុសចោទប្រកាន់នាងថា បានធ្វើអំពើអសីលធម៌ ក៏ដូចជាទាមទារឱ្យរំលូតកូន ដែលមានអាយុទើបបាន ៧ខែ ដែលជាកូនរបស់អ្នកទាំងពីរជួលអ្នកដទៃពពោះជំនួស នៅអាមេរិក។ មិនតែប៉ុណ្ណោះ អតីតកំពូលតារាស្រីរូបនេះ ធ្លាប់រងរឿងអាស្រូវគេចពន្ធ និង ត្រូវរងពិន័យក្នុងទំហំទឹកលុយប្រមាណ ៤៤.៧ លានដុល្លារអាមេរិកទៀតផង។ តាមរយៈរឿងរ៉ាវធំៗទាំងពីរនេះហើយ ដែលជាដើមចមធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាង ដែលខំកសាងក្នុងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និង ធ្លាប់តែជាតារាសម្ដែងស្រីជួរមុខដ៏ល្បីបំផុតម្នាក់នៅក្នុងប្រទេសចិន ព្រមទាំងមានទស្សនិកជនចូលចិត្តតាមរយៈការសម្ដែងរឿងភាគល្បីៗរបស់នាង ដូចជា Love O2O, Meteor Shower និង Rush to the Dead Summer ត្រូវរលាយត្រឹមមួយប៉ប្រិចភ្នែក៕