Kem ពុះពាររឿងការងារណាស់ តែដល់សួររឿងបេះដូងរកម្នាក់ធ្វើថ្នាំនឹងគេមិនបាន
លោក Kem Hussawee គឺជាតារាប្រុសពន្លកថ្មីម្នាក់ ដែលទើបតែចូលសម្ដែងនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៧ ថៃមិនប៉ុន្មានឆ្នាំប៉ុណ្ណោះ។ ទោះបីជាតារាពន្លកថ្មីមែន តែគេសង្កេតឃើញតារាប្រុសរូបសង្ហា Kem កំពុងតែទទួលបានការចាប់អារម្មណ៍ និង គាំទ្រខ្លាំងពីសំណាក់មហាជនក្នុង និង ក្រៅប្រទេស។
ក្រោយប្រឡូកក្នុងវិស័យសិល្បៈរយៈពេល ៦ ឆ្នាំ តារាប្រុស Kem បានសាងកេរ្តិ៍ឈ្មោះ និង ប្រជាប្រិយភាពរបស់ខ្លួនយ៉ាងល្បីខ្ទរខ្ទារពេញប្រទេស។ លោក Kem មានឈាមជ័រជាអ្នកស្រែរស់នៅខេត្ត Bung Karn តែបានប្រឹងប្រែកែច្នៃសមត្ថភាពរបស់ខ្លួនផ្នែកសិល្បៈរហូតក្លាយជា Superstar មានឈ្មោះបោះសំឡេងមួយរូបប្រចាំប៉ុស្តិ៍លេខ ៧ ថៃនាពេលបច្ចុប្បន្ន។ លើសពីនោះទៅទៀត Kem ក៏កំពុងតែក្តាប់បានតំណែងជាតួឯក និង ជាអ្នកតំណាងផលិតផលល្បីៗថែមទៀតផង។
ដោយឡែក បើងាកទៅមើលពីរឿងរ៉ាវបេះដូងវិញ ខណៈខិតជិតចូលឆ្នាំ ២០២៣ តារាប្រុស Kem ស្រាប់តែរៀបរាប់ក្នុងបទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ ទម្លាយពីស្ថានភាពបេះដូងរបស់ខ្លួនថា ៖ «បច្ចុប្បន្នលោកពុំទាន់រកឃើញអ្នកថែបេះដូងឡើយ គឺនៅ Single ១០០ ភាគរយ»។ ភ្ជាប់ជាមួយនឹងបទសម្ភាសនោះ អ្នកកាសែតបានសួរទៅកាន់អ្នកកំលោះ Kem បន្ថែមទៀតថា អាចទេនៅឆ្នាំក្រោយពេលលោករៀនចប់អាចនឹងមានសង្សារ? ភ្លាមៗនោះ Kem ឆ្លើយតបទៅវិញថា ៖ «ប្រហែលមិនអាចទេ ព្រោះលោកមមាញឹកនឹងការងារខ្លាំង»៕