រៀបការរាប់ឆ្នាំហើយ Nune ទើបទម្លាយអារម្មណ៍ ពេលត្រូវស្វាមីសុំរៀបការគ្រាដំបូង
Nune Woranuch ជាតារាសម្ដែងស្រីលំដាប់ជួរមុខ ដែលមានវ័យ ៤២ ឆ្នាំ តែសម្រស់ហាក់មិនចេះចាស់ នៅតែស្រស់ស្អាត ជាពិសេសនាងនៅតែមានតំណែងជាតួសំខាន់ក្នុងរឿងជានិច្ច ហើយនៅតែទទួលបានការគាំទ្រខ្ពស់ពីសំណាក់មហាជន។
បើនិយាយពីជីវិតឯកជនវិញ Nune បានរៀបការជាមួយហាយសូរ Tod Piti ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនួញល្បីឈ្មោះមានក្រុមហ៊ុនជាច្រើនក្នុងដៃ ជាពិសេសក្រុមហ៊ុន Singha ដែលរកចំណូលបានរាប់លានបាតក្នុងមួយឆ្នាំ។
យ៉ាងណាមិញ រៀបការរស់នៅជាមួយគ្នាជាង ១២ ឆ្នាំ Nune ទើបទម្លាយអារម្មណ៍ពេលប្តីសុំរៀបការជាលើកដំបូង ដោយនាងបានរៀបរាប់ថា ៖ «ប្រាប់តាមត្រង់ចាស គាត់មិនដែលសុំខ្ញុំធ្វើជាសង្សារទេ មិនធ្លាប់សោះតែម្ដង ពួកយើងដូចមនុស្សស្គាល់គ្នា ទៅណាមកណាដើរលេងជាមួយគ្នា ហើយមើលថែគ្នាដូចមិត្តភក្ដិ ហើយគាត់មិនដែលមកសារភាពសុំស្នេហ៍ ឬ សុំខ្ញុំធ្វើជាសង្សារម្ដងសោះឡើយ។ និយាយគ្នាចុះនិយាយគ្នាឡើង គាត់មកសុំខ្ញុំរៀបការយកតែម្ដង។ ពេលនោះខ្ញុំមានអារម្មណ៍ម្យ៉ាងដែលនិយាយមិនត្រូវ ព្រោះធ្លាប់និយាយលេងថាបើសុំរៀបការមែន ក៏ឆ្លើយយល់ព្រម តែក៏មានអារម្មណ៍ដឹងថាគាត់នឹងសុំរៀបការពិតមែន ហើយត្រៀមខ្លួនឆ្លើយយល់ព្រម ធ្វើអារម្មណ៍មិនតក់ស្លុត មិនភ្ញាក់ផ្អើល»។
«ក្រោយរៀបការយើងក៏ធ្វើការងាររៀងខ្លួនដូចមុន រឿងភាគនៅតែថតដូចមុន គ្រប់យ៉ាងមុនរៀបការបែបណា ក្រោយរៀបការគឺនៅបែបនោះមិនផ្លាស់ប្ដូរ អ្វីដែលប្ដូរ ប្ដូរតែឋានៈ និង តួនាទីជាប្ដីប្រពន្ធ តែរឿងការងារមិនដែលហាមឃាត់គ្នា។ ខ្ញុំតែងគិតបែបនេះមករហូតពេលរស់នៅជាមួយគ្នា គឺមិនបាច់ខ្វល់ច្រើន មិនបាច់គិតវែងឆ្ងាយថា ៥ ឆ្នាំទៀតនឹងទៅជាយ៉ាងណា អនាគតមើលមិនឃើញ តបមិនបាន អ៊ីចឹងហើយរស់មួយថ្ងៃគិតមួយថ្ងៃ មិនបាច់ផ្អែមល្ហែមពេកក៏បាន ធ្លាប់បែបណាក៏បន្ដបែបហ្នឹងដូចដើមទៅ»៕