(វីដេអូ) ក្រោយទាក់ទងគ្នាយូរឆ្នាំ ពេលនេះតារាប្រុស Myko បានបំពាក់ចិញ្ជៀនសុំ វណ្ណថៃ រៀបការហើយ
មហាជនអ្នកតាមដានពីអាជីពសិល្បៈ និង ជីវិតឯកជនរបស់តារាសម្ដែងប្រុស Myko និង វណ្ណថៃ សុទ្ធសឹងតែជ្រាបហើយថា កន្លងមកតារាប្រុសទាំងពីររូបនេះមិនត្រឹមតែទទួលបានការចាប់អារម្មណ៍ និង សរសើរចំពោះទេពកោសល្យក្នុងវិស័យសម្ដែងរបស់អ្នកទាំងពីរនោះទេ រីឯជីវិតឯកជន ជាពិសេសរឿងរ៉ាវស្នេហារវាងអ្នកទាំងពីរដែលបានបើកចំហរចំណងស្នេហ៍មិនលាក់លៀមក៏ត្រូវបានមហាជនតាមដានមិនដាច់ដែរ។
បើនិយាយចំពោះរឿងរ៉ាវស្នេហាភេទដូចគ្នារវាងតារាប្រុសមួយគូនេះ ចាប់តាំងពីបើកចំហរមក ជាពិសេសក្រោយពីសម្ដែងរឿងប្រភេទ BL ប្រុសស្រឡាញ់ប្រុស «មេឃខៀវ» ជាមួយគ្នាមក Myko និង វណ្ណថៃ កាន់តែបង្ហាញចំណងស្នេហ៍ជាសាធារណៈខ្លាំងឡើងដោយតែងឃើញបង្ហាញពីសកម្មភាពដើរកម្សាន្ត ក៏ដូចជាបណ្ដើរគ្នាចូលរួមកម្មវីធីបែបជាគូស្នេហ៍យ៉ាងផ្អែមល្ហែម។
ដោយឡែក បន្ទាប់ពីកាន់តែបើកចំហរជាសាធារណៈ និង មើលចិត្តគ្នាប៉ុន្មានឆ្នាំមកនេះ ស្រាប់តែថ្មីៗនេះ គូស្នេហ៍ភេទដូចគ្នាមួយគូនេះបានធ្វើឱ្យមហាជនអ្នកគាំទ្ររំភើបជំនួស ខណៈឃើញវីដេអូសកម្មភាពរបស់ Myko ជូនផ្កា និង ចិញ្ចៀនសុំ វណ្ណថៃ រៀបការ ដែលពេលនោះ វណ្ណថៃ ក៏បានយល់ព្រមផងដែរ។
ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្ររបស់គូស្នេហ៍មួយនេះបានធ្វើការចែករំលែកវីដេអូ និង បញ្ចេញមតិបង្ហាញការអបអរសាទរចំពោះអ្នកទាំងពីរ និង ជូនពរឱ្យមានថ្ងៃល្អចូលរោងការឆាប់ៗនេះ៕