ឡើងផ្ទះថ្មីតម្លៃជិត ៣ លានដុល្លារម្ដង Aimee ហៅតែមិត្តជិតស្និទ្ធស្រីមកជុំគ្នាជប់លៀងយ៉ាងអភិជន
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើនមុខជាបានស្គាល់ច្បាស់ Aimee Morakot តារាស្រីជើងចាស់ដែលមានដើមកំណើតចេញពីការប្រកួត Miss Universe តំណាងប្រទេសថៃ ឆ្នាំ ២០០៤ ហើយក្លាយជាតារាសម្ដែងស្រីមានប្រជាប្រិយភាព។
បើនិយាយពីជីវិតក្រៅសិល្បៈវិញ Aimee ជាតារាស្រីដែលនិយមចាយជីវិតអភិជន ហើយមានទ្រព្យសម្បត្តិច្រើនហូរហៀរ ព្រោះរាល់សម្ភារដែលនាងប្រើគឺសុទ្ធសឹងតែមានតម្លៃថ្លៃ ជាពិសេសថ្មីៗនេះ Aimee ទើបសាងសង់ផ្ទះថ្មីដែលមានតម្លៃជាង ១០០ លានបាត (ប្រមាណ ២ លាន ៨៧ ម៉ឺនដុល្លារ)។
កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះតារាស្រីជើងចាស់ Aimee Morakot បានរៀបចំកម្មវិធីជប់លៀងឡើងផ្ទះថ្មីរបស់នាងបែបតូចមួយ ហើយក៏មានការជួបជុំបែប Girl’s Party ដោយមានតែមិត្តភក្ដិជិតស្និទ្ធតែប៉ុន្មាននាក់។
ទោះបីជារៀបចំមិនធំដុំមានមនុស្សច្រើនចូលរួម តែគេសង្កេតឃើញថាកម្មវិធីជប់លៀងនេះគឺមើលទៅបែបអភិជនជាខ្លាំង ដោយមានការញ៉ាំស្រាក្រហម ហើយក៏មានម្ហូបដែលចម្អិនដោយចុងភៅជំនាញមានបទពិសោធន៍ផងដែរ៕