នៅពីក្រោយស្នាមញញឹម Mew ទម្លាយថា ខ្លួនកំពុងមានបញ្ហាផ្លូវចិត្ត រហូតរត់ទៅជួបគ្រូពេទ្យ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើន មុខជាបានស្គាល់ច្បាស់ Mew Suppasit តារាប្រុសវ័យ ៣១ ឆ្នាំ មានកម្ពស់ ១៨៣ សម មានសម្រស់ស្រស់ស្អាតកំពុងឆក់យកចិត្តអ្នកគាំទ្រទាំងក្នុង និង ក្រៅប្រទេស ជាមួយស្នាដៃការងាររឿងល្បីៗជាច្រើនមិនខាន។
មួយរយៈក្រោយនេះគេសង្កេតឃើញថា Mew បានដកឃ្លាពីសិល្បៈដើម្បីធ្វើដំណើរកម្សាន្ដក្រៅប្រទេស ព្យាបាលខ្លួនឯង និង យកពេលសម្រាកលម្ហែសម្រាប់ចុងឆ្នាំ ២០២២ មុននឹងចូលថតរឿងភាគថ្មី។
Mew ក៏បានទម្លាយមូលហេតុឱ្យដឹងថា ៖ «មានពេលមួយខ្ញុំមានអារម្មណ៍ថាខ្លួនឯងមិនរឹងមាំ ហេតុនេះហើយក៏សម្រេចចិត្តលុបកម្មវិធីមួយចំនួនចោល ដើម្បីយកពេលសម្រាកហើយទៅជួបពេទ្យផ្លូវចិត្តពិគ្រោះយោបល់។ ក្រោយជួបពេទ្យក៏មានអារម្មណ៍ថាខ្លួនឯងធូរស្រាលមួយកម្រិត គ្រូពេទ្យជាមនុស្សតែម្នាក់គត់ដែលយល់ព្រមស្ដាប់ ហើយមិនវាយតម្លៃយើង គាត់ជាមនុស្សតែម្នាក់ដែលធ្វើឱ្យខ្ញុំមានទំនុកចិត្តក្នុងការនិយាយរឿងប្រាប់ តែកម្រិតនៃស្ថានភាពផ្លូវចិត្តខ្ញុំមិនទាន់ដល់ថ្នាក់ប្រើថ្នាំដើម្បីព្យាបាលនៅឡើយទេ»។
«ពេលខ្លះខ្ញុំគិតថាអាចមកពីខ្ញុំយកសម្ដីមហាជនក្នុងបណ្ដាញសង្គមមកគិតច្រើនខ្លាំងពេក ហេតុដូចនេះក៏សម្រេចចិត្តដកឃ្លាសម្រាកពីបណ្ដាញសង្គមទាំងនោះ ហើយឃើញថាគ្រប់យ៉ាងក៏ប្រសើរឡើងជារឿយៗ។ ខ្ញុំជឿថាមិនថាយើងរឹងមាំខ្លាំងប៉ុនណា នៅពេលដែលយើងអានខំមិនច្រើនពេក ការប៉ះពាល់តែងតែមាន ហើយវានឹងដក់ជាប់បន្ដិចម្ដងៗ។ អាជីពជាអ្នកសម្ដែង ជៀសមិនផុតពីការរិះគន់ទេ តែបើមានរឿងដក់ក្នុងចិត្តខ្ញុំក៏ព្យាយាមជម្រះវាចេញ ព្រោះថាបើមិនចាត់ការដាច់ស្រេចទេ វាអាចនឹងប៉ះពាល់ការងារជាមិនខាន។ មួយវិញទៀត ខ្ញុំគិតថាបើអាចឆ្លៀតបាន គឺឆ្លៀតពេលសម្រាកខ្លះ មើលថែខ្លួនឯងខ្លះ ទើបផ្លូវចិត្តវាប្រសើរឡើង បើមានបញ្ហាយើងក៏គួរទៅជួបគ្រូពេទ្យដើម្បីស្វែងរកដំណោះស្រាយ ការជួបគ្រូពេទ្យជារឿងល្អ មិនមែនជាការខ្មាសអៀននោះទេបាទ»៕