មិនឱ្យចាញ់អ្នកចាស់! Anna វេចសម្លៀកបំពាក់ ១២ វ៉ាលិស ចូលរួមប្រកួត Miss Universe នៅអាមេរិក
នៅដើមខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ កម្មវិធី Miss Universe ២០២២ នឹងត្រូវបើកឆាកប្រកួតហើយ ដោយកម្មវិធីនឹងធ្វើនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក។ ខណៈនេះគេក៏ឃើញមានបេក្ខភាពបវរកញ្ញាប្រទេសមួយចំនួនជុំវិញពិភពលោកបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយដែរ។
យ៉ាងណាមិញ ក្រឡេកទៅមើលបវរកញ្ញាចក្រវាលថៃនាង Anna Sueangam Iam ឯនោះវិញ ពេលនេះនាង និង ក្រុមការងារ TPN Global បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ។ ក្នុងនោះ បើនិយាយពី Anna ពិតជាបានត្រៀមខ្លួនរួចរាល់ ១០០ ភាគរយតែម្តងក្នុងការប្រកួត ដោយឆ្នាំនេះ Anna បានត្រៀមសម្លៀកបំពាក់រហូតដល់ ១២ វ៉ាលិសឯណោះដើម្បីចូលរួមប្រកួត។
ដោយឡែក បើនិយាយពីមហាជនថៃវិញពិតជាបានដាក់ក្ដីរំពឹងខ្ពស់ខ្លាំងណាស់ចំពោះ Anna ដោយគេសង្ឃឹមថា បវរកញ្ញារូបនេះនឹងអាចនាំយកមកុដបវរកញ្ញាចក្រវាលទី ៣ មកប្រទេសរបស់ខ្លួនវិញបាន។ ហេតុដែលធ្វើឱ្យមហាជនថៃរំពឹងខ្ពស់បែបនេះ ក៏ព្រោះថា Anna មានទាំងសម្រស់ និង ចំណេះដឹងខ្ពស់ អ្វីដែលរឹតពិសេស Anna ជាមនុស្សដែលតស៊ូ និង មានឆន្ទៈមោះមុតក្នុងដំណើរជីវិត ដូច្នេះហើយបានជាថ្ងៃទៅ ២៤ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ គេឃើញថាមានប្រិយមិត្តថៃជាច្រើនបានទៅផ្តល់កម្លាំងចិត្តដល់ Anna ពេញព្រលានយន្តហោះសុវណ្ណភូមិ៕