ចេញហើយ Chompoo ក្បាលគីប លេងស្ទីលឈុតដូច Chompoo ពិត តែប្លែកត្រង់យកមុងច្នៃ
បើនិយាយពីកំពូលតារាក្នុងរង្វង់សិល្បៈថៃជឿជាក់ថាប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថា Chompoo Araya គឺជាតារាសម្ដែងជួយមុខមួយរូបដែលរស់នៅក្នុងជីវិតហាយសូរបែបអភិជន និង តារាស្រីមួយរូបល្បីបំផុតខាងលេងស្ទីលតែងខ្លួនហ្វេសសិន ព្រមទាំងប្លែកភ្នែកមិនឱ្យជាន់នរណាឡើយ។
បច្ចុប្បន្នកំពូលតារាស្រីរូបនេះមានកូនចំនួន ៣ នាក់ហើយ តែបើនិយាយពីរូបសម្រស់ ការលេងខ្លួនគឺនៅតែស្រស់ស្អាត និង ប្លែករហូត។ រាល់ពេលចូលកម្មវិធីអ្វីមួយ តារាស្រី Chompoo តែងបានបញ្ចេញនូវស្ទីលតែងខ្លួនមិនឱ្យដូចគេឡើយ។
តួយ៉ាង កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងកម្មវិធីមង្គលការតារាស្រី Patricia និង ហាយសូរ Note Vises មហាជនហាក់ផ្ទុះចាប់អារម្មណ៍តារាស្រី Chompoo ខណៈដែលនាងបានតែងខ្លួនពាក់ជាមួយរ៉ូបពណ៌បៃតង បែបហ្វេសសិន យ៉ាងស្រស់ស្អាតដោយមិនជាន់ជាមួយនឹងឈុតអ្នកណាឡើយ។
ក្រោយពីឃើញថា តារាស្រី Chompoo ស្លៀកឈុតទាន់សម័យ និង ស្រស់ស្អាតបែបនោះ ថ្មីៗនេះស្រាប់តែ តារាភេទទី ៣ Pingpong បានស្លៀកពាក់តាម ដោយឈុតទាំងមូល Pingpong បានកាត់ដេរដោយផ្ទាល់ដៃរបស់ខ្លួន។ ក្នុងនោះ មហាជនពិតមានការស្ងើចសរសើរចំពោះ តារាភេទទី ៣ រូបនេះណាស់ ព្រោះមានគំនិតច្នៃខ្ពស់ ដោយ Pingpong បានយកមុងមកច្នៃចេញជាឈុតយ៉ាងស្រស់ស្អាត ហាក់មិនឱ្យចាញ់តារាស្រី Chompoo ប៉ុន្មានឡើយ៕