យីអ៊ុនឡើងក្រឺតៗ! ២ ឆ្នាំនេះ ឈីន រតនៈ ក្ដាប់ទីផ្សារសិល្បៈណែនក្ដន់ក្នុងដៃ
បេក្ខភាពដ៏លេចធ្លោក្នុងកម្មវិធីប្រឡងចម្រៀងដ៏ធំ The Voice Cambodia រដូវកាលទី ២ កញ្ញា ឈីន រតនៈ បច្ចុប្បន្នកំពុងរះចែងចាំងក្នុងវិថីសិល្បៈ ដោយនាងបានក្លាយជាតារាចម្រៀងស្រករក្រោយមួយរូបដែលមានឈ្មោះបោះសំឡេង និង កំពុងក្ដោបបានទីផ្សារការងារសិល្បៈជាច្រើននៅក្នុងដៃ មិនថាការប្រគំតន្រ្តី ចេញតាមកម្មវិធីផ្សេងៗ ឬ ថតផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។
ឈីន រតនៈ ចាប់ផ្ដើមមានរាសីឡើងខ្លាំង ត្រូវបានមហាជនសម្រុកស្គាល់នាងកាន់តែច្រើនគុណទ្វេនៅប្រមាណជា ២ ឆ្នាំចុងក្រោយនេះ ពោលគឺចាប់តាំងពីតារាស្រីមកពីខេត្តកំពង់ចាមរូបនេះ ចេញបទចម្រៀងក្រោមចំណងជើង «ក្រមុំដេកយំមេម៉ាយដើរសើច» ដែលបកស្រាយឆ្លងឆ្លើយជាមួយតារាចម្រៀង គង់ ចំរើន។
មិនត្រឹមតែបទឆ្លងឆ្លើយខាងលើទេដែល ឈីន រតនៈ ស្រវ៉ាបានបេះដូងទស្សនិកជននោះ ប៉ុន្ដែបទចម្រៀងបកស្រាយម្នាក់ឯងរបស់នាងជាច្រើនបទ ដូចជាបទ «ហួសឌឺឡេ» បទ «ត្រឹមអ្នកស្គាល់គ្នា» និង បទចម្រៀងមួយចំនួនទៀត សុទ្ធសឹងតែផ្ទុះការគាំទ្រច្រើនក្រាស់ក្រែលពីសំណាក់មហាជន ដោយមានអ្នកគាំទ្រជាច្រើនបាននាំគ្នាយកទៅច្រៀងលេងបង្ហោះនៅលើបណ្ដាញសង្គម TikTok យ៉ាងច្រើនព្រោងព្រាត៕