រដូវរងាមកដល់ IU ហូតលុយផ្ទាល់ខ្លួន ៨ ពាន់ដុល្លារជួយទិញធ្យូង ចែកអ្នកក្រខ្សត់ដើម្បីដុតកំដៅ
IU តារាស្រីកូរ៉េមាឌតូច មុខស្រស់ វ័យ ២៩ ឆ្នាំ បានធ្វើឱ្យអ្នកគាំទ្រវិស័យសិល្បៈកូរ៉េពេញចិត្ត និង ស្ងើចសរសើរគ្រប់ៗគ្នាពីរូបសម្រស់ និង ពហុទេពកោសល្យដែលនាងមាន មិនថាសម្តែង ច្រៀង និពន្ធទំនុកច្រៀង ដោយគ្រប់ទម្រង់នៅក្នុងសិល្បៈ គឺតារាស្រីរូបនេះធ្វើមិនឱ្យឆ្គង និង ទាស់ចិត្តនោះឡើយ។
បើក្រឡេកទៅមើលកិច្ចការផ្នែកខាងសប្បុរសធម៍វិញ តារាស្រីមាឌល្អិតរូបនេះមិនដែលបាត់មុខនោះឡើយ រហូតជាប់ងារថាជាតារាស្រីចិត្តធម៌ ដែលតែងតែចែករំលែកក្ដីស្រឡាញ់ មេត្តា អាណិត អាសូរ ដល់មនុស្សគ្រប់ៗគ្នា។
យ៉ាងណាមិញ គ្រាន់តែបើកឆាកឆ្នាំថ្មី ឆ្នាំ២០២៣ ភ្លាម កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លងទៅ ប្រជាពលរដ្ឋក្នុងស្រុក Yangpyeong-gun នៅក្នុងខេត្ត Gyeonggi បានប្រកាសថា IU បានបរិច្ចាគប្រាក់ចំនួន ១០ លានវ៉ុន ដែលស្មើប្រមាណជាជិត ៨ ពាន់ដុល្លារ មកកាន់ស្រុកមួយនេះ។
រីឯ គោលបំណងរបស់នាងគឺ ដើម្បីផ្តល់ធ្យូង ដល់ប្រជាជនដែលត្រូវការជំនួយ ពោលគឺដើម្បីជួយអ្នកដែលត្រូវការកំដៅក្នុងរដូវរងានេះ។
គួរឱ្យដឹងផងដែរថា IU បានធ្វើការបរិច្ចាគដល់ប្រជាជនក្រីក្រក្នុងស្រុក Yangpyeong-gun នេះ ចាប់តាំងពីឆ្នាំ ២០២០ មកម្ល៉េះ៕