មិនធម្មតាមែន! ប្រុសស្អាត Billkin ទម្លាយទាំងអៀន ចេះមានស្នេហាតាំងពីរៀនថ្នាក់ទី ៩
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ ជាពិសេសរឿង BL មុខជាបានស្គាល់ច្បាស់ Billkin តារាប្រុសដែលសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺតាមរយៈរឿង «I Told Sunset About You» ហើយក៏មានស្នាដៃរឿងល្បីៗក្រោយមកជារឿយៗ។
បើនិយាយពីជីវិតស្នេហា Billkin បានទម្លាយប្រវត្តិស្នេហ៍ដំបូងទាំងអៀននៅក្នុងកិច្ចសម្ភាសជាមួយតារាជើងចាស់ Woody។ ដោយ Billkin បានបង្ហើបឱ្យដឹងថា លោកចេះមានស្នេហាតាំងពីអាយុ ១៥ ឆ្នាំមកម្ល៉េះ។
Billkin ពោលថា ៖ «ស្នេហាដំបូងរបស់ខ្ញុំគឺនៅថ្នាក់ទី ៩ អាយុខ្ទង់ ១៥ ឆ្នាំ ដោយការនោះគឺជាស្នេហាបែបក្មេងៗ Puppy Love ដោយនិយមន័យស្នេហានាពេលនោះ គឺខ្ញុំជាម្ចាស់នាង ហើយនាងជាម្ចាស់ខ្ញុំតែម្នាក់គត់ មិនរញ៉េរញ៉ៃជាមួយអ្នកណាផ្សេងទាំងអស់។ កាលនោះមិនដឹងទេថាស្នេហាបែបនេះគឺជាស្នេហាដែល Toxic ស្មុគស្មាញ តែផ្ទុយទៅវិញគិតថាវាឡូយ ហើយភាគច្រើនជាធ្វើបែបនេះ»។
«ក្ដីស្នេហាមួយនេះគឺថាហួងហែងគ្នាទាំងសងខាងខ្លាំង ដោយសូម្បីតែមិត្តភក្ដិប្រុសៗរបស់នាងគឺខ្ញុំប្លុកចោលទាំងអស់ ហើយនាងក៏ធ្វើបែបនេះដាក់ខ្ញុំវិញដូចគ្នា (សើច) តែចុងក្រោយយើងក៏ដើរដល់ចំណុចដែលមិនអាចទៅមុខរួមគ្នាកើត ហើយក៏បែកគ្នា»៕