Esther ចេញមកបកស្រាយពីទំនាក់ទំនងស្នេហា ក្រោយ Ken ចេញទៅរៀននៅអង់គ្លេស
មហាជនអ្នកតាមដានជីវិតសិល្បៈថៃច្បាស់ជាបានជ្រាបហើយថា តារាប្រុសរូបសង្ហាលោក Ken Phupoom និង តារាស្រីស្រស់ Esther Supreeleela គឺជាសង្សារនឹងគ្នាមកអស់រយៈពេល ៧ ឆ្នាំមកហើយ។ ជាមួយនឹងទំនាក់ទំនងដ៏សែនផ្អែមល្ហែម និង ស្អិតល្មួតដ៏យូរអង្វែងនេះ មហាជនអ្នកគាំទ្រតែងតែបន់ឱ្យអ្នកទាំងពីរឆាប់កាន់ដៃគ្នាចូលរោងការ។
ដោយឡែក នាពេលថ្មីៗនេះ រឿងរ៉ាវស្នេហារបស់តារាស្រីប្រុសទាំងពីរស្រាប់តែត្រូវបានមហាជនគាស់រំលើងសាកសួរជុំវិញទំនាក់ទំនង ខណៈដែលតារាប្រុស Ken បានធ្វើដំណើរទៅសិក្សាបន្តនៅប្រទេសអង់គ្លេសហើយ Esther ហាក់ជាស្ងប់ស្ងាត់មិនឃើញចេញមកបង្ហោះរូបភាពនិយាយពីមិត្តប្រុសបន្តិចឡើយ។
ក្រោយពីឃើញមានការសាកសួរ ងឿងឆ្ងល់ពីសំណាក់មហាជនដូច្នេះ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៣ កន្លងទៅ តារាស្រី Esther បានចេញមកផ្តល់បទសម្ភាសនៅនឹងមុខអ្នកកាសែត ដោយបាន Update ពីទំនាក់ទំនងរបស់នាង និង Ken ថា ៖ «ខណៈដ្បិតតែសង្សាររបស់នាងទៅសិក្សានៅប្រទេសអង់គ្លេសឆ្ងាយពីនាងក៏ពិតមែន តែទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរគឺនៅដូចដើមពុំមានល្អក់កករអ្វីឡើយ។ ដោយឡែក សម្រាប់រឿងដែលពុំបានសូវបង្ហោះរូបភាព ឬ បង្ហាញភាពផ្អែមល្អែមលើបណ្ដាញសង្គម អ៊ីនស្តាក្រាម ឬ ហ្វេសប៊ុកដូចមុនក៏ព្រោះតែអ្នកទាំងពីររវល់ផ្តោតលើការងាររៀងៗខ្លួន ដូច្នេះពុំសូវជាមានពេលវេលាគិតពីរឿងស្នេហាប៉ុន្មាននោះទេ»៕